01/09/22 14:55 PM
ក្រចេះ៖ ព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលស្រុកព្រែកប្រសព្វ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែង អភិបាលនៃគណ:អភិបាលស្រុកព្រែកប្រសព្វ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានគូសបញ្ជាក់នៅមុខមន្រ្តីទាំងអស់ថា “ ការអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាកម្លាំងចលករនៃការរក្សាបាននូវការអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ ដែលតម្រូវឲ្យមានការចូលរួមពីយើងទាំងអស់គ្នា មិនថាអាជ្ញាធរ ឬ ប្រជាពលរដ្ឋនោះទេ ហើយសូមបន្តចូលរួមថែរក្សាការពារប្រទេសជាតិដែលមានសុខសន្តិភាពនេះ ឲ្យគង់វង្សតទៅទៀតដើម្បីទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងសេដ្ឋកិច្ចមានការរីកចម្រើន ។
ឯកឧត្តម វ៉ា ថន មានប្រសាសន៍បន្ថែមថា ៖ អភិបាលស្រុកថ្មីដែលប្រកាសចូលកាន់តំណែងនាពេលនេះ ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គី "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" និងបាវចនាពីរគឺ "កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ" ដោយស្មារតីឯករាជ្យ -ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម -ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព -ត្រូវបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សំដៅអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយចីរភាព ពង្រឹងសុខដុមនីយកម្មសង្គម និងជំរុញការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំដល់លោកមេឃុំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ដឹកនាំនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់នៅតាមមូលដ្ឋានរបស់ខ្លួនអំពីបញ្ហាបទល្មើសនានានៅក្នុងស្រុក និងពង្រឹងការដោះស្រាយសម្របសម្រួលបញ្ហាវិវាទនិងទំនាស់ក្រៅប្រព័ន្ធតុលាការ ។
សូមជម្រាបថា អភិបាលស្រុកថ្មីដែលត្រូវបានតែងតាំងនេះ គឺ លោក សូម សារិត អភិបាលស្រុកសំបូរ ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលស្រុកព្រែកប្រសព្វ ជំនួសលោក ហង់ ចាន់ឌី ត្រូវមកកាន់តំណែងជាអភិបាលរងខេត្តវិញ ។