អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍បើកមុខទឹកសង្គ្រោះស្រែស្រូវ របស់ប្រជាពលរដ្ឋ ៣១ហិចតា នៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ


ត្រលប់ក្រោយ

02/09/22 10:33 AM

ចំនួនទស្សនា៖

223

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះ បានចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បី បើកមុខទឹកដោយដាក់លូបន្ថែម ដើម្បី សង្គ្រោះដំណាំស្រូវ របស់ប្រជាពលរដ្ឋចំនួន ៣១ ហិកតា ស្ថិតក្នុងភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ។  


បើតាម លោក ប្រាក់ សារុំ មេឃុំស្តើងជ័យ បានប្រាប់ឲ្យដឹងថា កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិពង្រ ជាង ១០០គ្រួសារ បានធ្វើលិខិតសំណូមពរមកអាជ្ញាធរឃុំ ក្នុងគោលបំណង សុំឲ្យជួយពង្រីកមាត់លូ កាត់ទទឹងថ្នល់ ឱ្យមានទំហំស្មើគ្នា ដើម្បី ឲ្យទឹកហូរបានលឿន បញ្ជៀសការលិចលង់ខូចដំណាំស្រូវ របស់ពួកគាត់ ដោយសារជំនន់ទឹកភ្លៀង ។ លោកមេឃុំរូបនេះបានបន្តទៀតថា ដោយសារមានសំណូមពរពីប្រជាពលរដ្ឋបែបនោះ លោកក៏បានយកសំណូមពរនោះ ទៅដាក់ជូន លោកអភិបាលស្រុកជើងព្រៃ ដើម្បី រកដំណោះស្រាយ ។ ជាការឆ្លើយតប លោកអភិបាល ស្រុកជើងព្រៃ ក៏បានយកសំណូមពរនោះ ស្នើសុំយោបល់ពី ឯកឧត្តមអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ។ លុះមកដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឃើញថា ឯកឧត្ដមអភិបាលខេត្តុ ក៏បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះអន្តរាគមន៍ដោយផ្ទាល់ នឹងបានចាត់បញ្ជាឲ្យមន្ត្រីបច្ចេកទេស បញ្ជាគ្រឿងចក្រ កាយដីដាក់លូបន្ថែម ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយកំណត់ឲ្យរួចរាល់ក្នុងថ្ងៃនេះ តែម្ដង ។


លោកមេឃុំស្ដើងជ័យ បានបញ្ជាក់ទៀតថា ដំណាំរបស់ស្រូវប្រជាពលរដ្ឋ ដែលកំពុងទទួលរងជំនន់ទឹកភ្លៀង មានទំហំ ៣១ហិចតា និងអាចសង្គ្រោះបានប្រមាណជា ៧០% មកវិញ ដោយកិច្ចអន្តរាគមន៍ ពីឯកឧត្តម អភិបាលខេត្ត នាពេលនេះ ។


ជាមួយគ្នានេះដែរ ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិពង្រ ទាំងជាង ១០០គ្រួសារ លោក ប្រាក់ សារុំ មេឃុំស្តើងជ័យ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ដែលបានអញ្ជើញចុះអន្តរាគមន៍ ដោយផ្ទាល់ ដើម្បី ជួយសង្គ្រោះដំណាំស្រូវ របស់ប្រជាពលរដ្ឋ យើងនាពេលនេះ ៕



dd
Bottom Ad