07/09/22 08:26 AM
ខេត្តកណ្តាល៖ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានបញ្ជាក់ថា ខេត្តកណ្តាលទទួលបាន ODF ចំនួន៥ស្រុករួមហើយ គឺ ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក ល្វាឯម និងស្រុកខ្សាច់កណ្តាល ហើយជំហ៊ានបន្ទាប់នឹងបញ្ចប់ផ្ទៀងផ្ទាត់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODFថ្នាក់ស្រុក ចំនួន៥ទៀតគឺ កៀនស្វាយ មុខកំពូល ពញាឮ ស្រុកកោះធំ និងក្រុងតាខ្មៅ។
លោកស្រីបានបញ្ជាក់ដូច្នេះ ក្នុងការចុះផ្ទៀងផ្ទាត់ វិនិច្ឆ័យអំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ស្រុក នៅស្រុកកោះធំ ក្នុងឃុំគោលដៅចំនួន៤ឃុំ គឺ ឃុំកោះធំ ខ ឃុំព្រែកថ្មី ឃុំសំពៅពូន និងឃុំព្រែកស្តី កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រើនរូបទៀត។
លោកស្រី ជី ថាវី បានមានប្រសាសន៍ថា ការចុះមកផ្ទៀងផ្ទាត់នាពេលនេះ គឺជា កិច្ចការនេះដ៏មានសារៈសំខាន់ ក្នុងការដាក់ពិន្ទុជាក់ស្តែងតាមរយៈការចុះពិនិត្យ និងសំភាសតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងតាមសាលារៀនជាដើម ដើម្បីយកមកធ្វើជាសូចនាករ កំណត់ថាស្រុកកោះធំពិតជាអាចក្លាយជាស្រុក ODF មួយទៀតក្នុងខេត្តកណ្តាល។
លោកស្រីបានបន្ថែមថា ក្នុងចុះនេះមិនត្រឹមតែជាឱកាសមួយសម្រាប់ធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ឱ្យផ្លាស់ប្ដូរឥរិយាបថឈប់បន្ទោសបងពាសវាលពាសកាល និងផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងកម្រិតជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍ ដែលពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រដល់ដំណើរការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ។
នាឱកាសនោះដែរ លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានចុះមកចុះផ្ទៀងផ្ទាត់ វិនិច្ឆ័យអំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ស្រុក នៅស្រុកកោះធំ រដ្ឋបាលស្រុកនឹងផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយមន្ទីរ ពីព្រោះតាមរយៈការចុះនាពេលនេះ បានជួយបង្ហាត់បង្ហាញបន្ថែមទៀតទៅដល់រដ្ឋបាលស្រុក ក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ជំរុញឱ្យស្រុកកោះធំក្លាយជាស្រុក ODF ។