អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយទុកជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែង


ត្រលប់ក្រោយ

07/09/22 08:52 AM

ចំនួនទស្សនា៖

357

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក លី យូហេង អគ្គនាយកគំរោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ សូមទាំងអស់ចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួច ហើយត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។  


លោកអគ្គនាយក បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែល លោក និងលោកស្រី ឃួន សោភ័ណ្ឌ ចៅសង្កាត់ចេក ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការឈូសឆាយ និងចាក់ក្រាលថ្មមិច ពង្រីកធ្វើផ្លូវលំ១ខ្សែ ប្រវែងជិត ៣.០០០ម៉ែត្រ ទទឹង៦មែត្រ ឆ្លងកាត់បីភូមិ គឺភូមិទទា ភូមិចំបក់ និងភូមិចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង។


លោក លី យូហេង បានមានប្រសាសន៍បន្តទៀតថាៈ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះនិងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋព្រមទាំងប្អូនៗជាសិស្សានុសិស្សទាំងបីភូមិខាងលើ រូបលោក តំណាងឲ្យលោក សោម សុធា ដែលជាអគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប និងសហការី បានធ្វើការចាក់ក្រាលថ្មមុិច ដោយមានបណ្តោយប្រវែងជិត ៣.០០០ម៉ែត្រ ហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះ គឺជាថវិការបស់ក្រុមហ៊ុនភូមិមរតកផ្ទាល់តែម្តង ។


លោកបានបន្ថែមទៀតថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវ១ខ្សែនេះឡើងវិញផងដែរ ហើយលោក ក៏បានថ្លែងអំណរគុណដល់សហការីទាំងអស់ដែលបានជួយឧបត្ថម្ភទាំងថវិកា និងស្មារតីក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះ ជាពិសេសការយោគ យល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។


ម្យ៉ាងវិញទៀតនៅពេលផ្លូវនេះបានជួសជុលរួចហើយនោះសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុងឬជនបទនោះឡើយ។


លោកស្រី ឃួន សោភ័ណ្ឌ ចៅសង្កាត់ចេក បានអោយដឹងផងដែរថា: ផ្លូវលំមួយខ្សែនេះពីមុនជាផ្លូវលំ ភ្លឺប្រឡាយពិបាកធ្វើដំណើរខ្លាំងណាស់ និងនៅរដូវវស្សា គឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។


ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ជុក មុន្នី ដែលជាអនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋានផងដែរ។


លោកស្រីចៅសង្កាត់បានបន្តទៀតថា សម្រាប់សម្រាប់ថ្ងៃនេះផងដែរក្នុងនាមលោកស្រីជាចៅសង្កាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គនាយកភូមិខ្មែរគ្រុបក៏ដូចជា លោកនាយកគម្រោងអចលនទ្រព្យភូមិមរតក និងសហការីដែលបានចំណាយធនធានក្នុងការជួសជុលផ្លូវលំមួយខ្សែនេះឡើងវិញទុកជាចំណងដៃនិងគុណប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋានដើម្បីសម្រួលក្នុងការធ្វើដំណើរទាំងអស់គ្នាបានឆាប់រហ័ស។  


លោកស្រី ងិន ចាន់មុន្នីរ័ត្ន នាយិការងគម្រោងអចលនទ្រព្យភូមិមរតក និងជាប្រធានផ្នែកទីផ្សារក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅពេលបច្ចុប្បន្ននេះគម្រោងអចលនទ្រព្យភូមិមរតកក្រៅពីមានលក់អចលនទ្រព្យសំណង់ផ្ទះល្វែងដីឡូតិ៍ កន្លែងកំសាន្តផ្សេងៗរួមនឹងរមណីយដ្ឋានប្រវត្តិសាស្ត្រថែមទៀតនោះគម្រោងអចលនទ្រព្យភូមិមរតកក៏បានបង្កើតផ្សារសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋមានកន្លែងលក់ដូរបានសមរម្យពុំចាំបាច់ធ្វើដំណើរទៅទីឆ្ងាយនោះឡើយ។  


លោកស្រីបានបន្ថែមទៀតថា ក្រៅអំពីការជួសជុលផ្លូវលំមួយខ្សែខាងលើនេះគម្រោងអចលនទ្រព្យភូមិមរតក ក៏បានឧបត្ថម្ភសម្ភារៈរួមមានអាល់កុលចំនួន ៣កាន, ម៉ាសចំនួន ១០កេសធំ ជូនលោកស្រីចៅសង្កាត់ចេក ដើម្បីយកទៅប្រើប្រាស់នៅមូលដ្ឋានក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនាពេលខាងមុខនេះ។ 


ដោយឡែកប្រជាពលដែលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនេះ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ.ក្រុង-សង្កាត់ ព្រមទាំងលោកអគ្គនាយកភូមិខ្មែរគ្រុប ដែលបានគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានសមិទ្ធផលជាច្រើននៅក្នុងក្រុងស្វាយរៀង៕ ដោយ:PK




dd
Bottom Ad