09/09/22 08:40 AM
ខេត្តកណ្តាល៖ លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល បានអំពាវនាវដល់អាជ្ញាធរ ភូមិ-ឃុំ-ស្រុក ត្រូវតែខិតខំចុះផ្សព្វផ្សាយអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាព ភាពស្អាត និងអនាម័យជនបទ ត្រូវធ្វើយ៉ាងណាជំរុញឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ ដើម្បីធ្វើឱ្យស្រុកពញាឮក្លាយជាស្រុក ODF មានន័យថាប្រជាពលរដ្ឋក្នុងស្រុកពញាឮបានបញ្ឈប់ទាំងស្រុងនូវការបន្ទោបងពាលវាលពាសកាល។
ការអំពាវនាវនេះបានធ្វើឡើង ក្នុងការចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF ថ្នាក់ស្រុក នៅស្រុកពញាឮ ក្នុងឃុំគោលដៅចំនួន ២ឃុំ គឺ ឃុំឈ្វាំង និងឃុំជ្រៃលាស់ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក សំអុល ចំរើនឧត្តម អភិបាលរងស្រុកពញាឮ អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រើនរូបទៀត។
លោក ហឿន ទ្រី បានបញ្ជាក់ថា ការចុះផ្ទៀងផ្ទាត់ ODF នៅស្រុកពញាឮនាពេលនេះ គឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ហើយនៅពេលបន្តិចទៀតនេះខាងក្រសួងអភិវឌ្ឍន៍ជនបទនឹងចុះមកវាយតម្លៃខេត្តវិញម្ដង នៅក្នុងការចុះនោះក្រសួងមិនបានឱ្យយើងបានដឹងមុនថាត្រូវចុះនៅទីតាំង ភូមិ ឃុំ ស្រុក ណាមួយនោះទេ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវត្រៀមខ្លួនឱ្យរួចរាល់ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួនគឺនៅតាមក្នុងផ្ទះរបស់ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ សាលាស្រុកត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ សំដៅធ្វើឱ្យការចុះវាតម្លៃ ODF ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរ។
នាឱកាសនោះដែរ លោក សំអុល ចំរើនឧត្តម អភិបាលរងស្រុកពញាឮ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានចុះមកចុះផ្ទៀងផ្ទាត់ វិនិច្ឆ័យអំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅស្រុកពញាឮ រដ្ឋបាលស្រុកនឹងផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយមន្ទីរ ពីព្រោះតាមរយៈការចុះនាពេលនេះ បានជួយបង្ហាត់បង្ហាញបន្ថែមទៀតទៅដល់រដ្ឋបាលស្រុក ក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ជំរុញឱ្យស្រុកពញាឮក្លាយជាស្រុក ODF ។
សូមជម្រាបផងដែរថា ខេត្តកណ្តាលទទួលបាន ODF ចំនួន ៤ស្រុករួមហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ គឺមាន៖ ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក និងស្រុកខ្សាច់កណ្តាល ហើយនាពេលថ្មីៗនេះ ស្រុកល្វាឯម ស្រុកកោះធំ និងស្រុកមុខកំពូលត្រូវបានជាប់ជាស្រុក ODF ផងដែរក្នុងក្របខ័ណ្ឌផ្ទៃក្នុងរបស់ខេត្ត ដែលមិនទាន់ធ្វើលិខិតបញ្ជូនទៅក្រសួងធ្វើការប្រកាសជាផ្លូវការ ជំហ៊ានបន្ទាប់ ក្រុមការងារនឹងបន្តចុះផ្ទៀងផ្ទាត់ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODFថ្នាក់ស្រុក នៅស្រុកកៀនស្វាយ និងក្រុងតាខ្មៅ។