13/09/22 11:18 AM
បន្ទាយមានជ័យ៖ នៅសាលាគរុកោសល្យនិងវិក្រិតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១២ខែ កញ្ញា ឆ្នាំ ២០២២ នេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាលរយៈពេល០២ថ្ងៃ ជូនដល់មន្ត្រីលេខាធិការដ្ឋាន គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២២ នេះយើងទើបតែបានបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលក្នុងដំណើរការបោះឆ្នោតមួយ គឺមានដំណាក់កាលសំខាន់ៗចំនួន ៤ ក្នុងនោះការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូងនិងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
លោកស្រីបានបន្តថា ការពិនិត្យបញ្ជីឈ្មោះនឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នេះ មានគោលដៅធានាឲ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពពេញលេញភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពតាមរយៈ ការស្រង់ឈ្មោះនិងលុបឈ្មោះអ្នកបោះឆ្នោត ដែលបានទទួលមរណភាព ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោត ដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង(មានឯកសារសំអាងត្រឹមត្រូវ) កាកែតម្រូវឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ ឆ្នាំឡើង និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
វគ្គបណ្ដុះបណ្ដាលក្នុងឱកាសនេះ មានសារៈសំខាន់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាព និងការវិវត្តថ្មីៗ នៃប្រព័ន្ធបច្ចេកវិទ្យា ស្របទៅតាមបដិវត្តន៍ឧស្សហកម្ម ៤.០ ដែលទាមទារឲ្យមានការយល់ដឹងកាន់តែទូលំទូលាយនិងនវានុវត្តន៍។ ឆ្លងកាត់ពីការចុះឈ្មោះបោះឆ្នោតមួយទៅការចុះឈ្មោះបោះឆ្នោតមួយ ការបណ្ដុះបណ្ដាលគឺជាកត្តាចាំបាច់ ដើម្បីបង្កើនចំណេះដឹង ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងការអនុវត្តការងារ ដូច្នេះអស់លោក លោកស្រី និងសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ដើម្បីយកចំណេះដឹងទាំងនេះ ទៅបង្ហាត់បង្ហាញនិងណែនាំបន្តដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីអនុវត្តការងារចំគោលដៅ ស្របទៅតាមបទបញ្ជានិងនីតិវិធីរបស់ គ.ជ.ប ក្នុងកិច្ចប្រតិបត្តិការ ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ខែតុលាដល់ថ្ងៃទី ៨ ខែធ្នូឆ្នាំ២០២២ នាពេលខាងមុខនេះ៕ បន្ទាយមានជ័យ, ១៣/០៩/០២២=ណុប-រក្សា(២៩០១៦)