សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យអាងប្រវត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ


ត្រលប់ក្រោយ

13/09/22 12:04 PM

ចំនួនទស្សនា៖

338

ប្រភព៖

ព្រះសីហនុ

ព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការអញ្ជើញចុះពិនិត្យនូវវឌ្ឍនភាពនៃការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះធ្វើឡើងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។ 


នៅក្នុងការអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពថ្មីៗនៃសមិទ្ធផលនៅក្នុងខេត្តព្រះសីហនុនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប។ ដែលជាសមិទ្ធផលដ៏មានសក្កដាអនុពលបំផុតនៅក្នុងខេត្តព្រះសីហនុដំបូង បន្ទាប់មកសម្ដេចបានបន្តអញ្ជើញទៅពិនិត្យការដា្ឋន​សាង​សង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែល​មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន​ ២០.០០០​ម៉ែត្រគីប។


រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមាន​ជាតិពុល ឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅ​ក្នុងសមុទ្រ ដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានរាល់សំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិ​-អន្តរជាតិ ខណៈខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណងនាពេលខាងមុខ។

គួររំលឹកផងដែរ បើតាមការចុះពិនិត្យពីវឌ្ឍនភាពថ្មីនៃអាងប្រព្រឹត្តទឹកកខ្វក់ទី ៣ របស់ឯកឧត្តម គួច ចំរើន នាពេលកន្លងមកបានឱ្យដឹងបន្ថែមថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ (PS3) សាងសង់លើផ្ទៃដីទំហំ ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួនពីរកន្លែងរួចហើយ ដែលកន្លងមកបានដាក់ឱ្យដំណើរការជោគជ័យ ដោយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។ តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មនេះ គឺដើម្បីបញ្ចៀសទឹកកខ្វក់ហូរចូលដោយផ្ទាល់ទៅក្នុងសមុទ្រ និងការពារបរិស្ថាន ធ្វើឱ្យទីក្រុងរបស់យើងស្អាត និងមានភាពបៃតង៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad