13/09/22 12:07 PM
ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងប្រដាប់អាវុធគឺជាកូនចៅរបស់ប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋមានទុកលំបាក ត្រូវតែជួយសម្រាលទុក្ខលំបាករបស់គាត់។ ជាក់ស្តែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងយោធាតំបន់ប្រតិ បត្តិការសឹករងខេត្តបន្ទាយមានជ័យ ប្រមាណជិត៥០នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យ ។ លោកបានចាត់ឲ្យលោកវរៈសេនីយ៍ទោ វិញ ស៊ីដូ នាយរងសេនាធិការ ដឹកនាំកម្លាំងយោធាក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់ មានកណ្តៀវគ្រប់ដៃបានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រមាណជិត២ហិកតា នៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
លោកបានបញ្ជាក់ថា៖កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីការងារស្នូលរបស់អង្គភាព ក្នុងភារកិច្ចការពារបូរណៈភាពទឹកដី និងការពារជាតិមាតុភូមិ គឺបានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលគ្រោះដោយគ្រោះធម្មជាតិ ដូចជា៖គ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងប្រមូលផលស្រូវជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់និងជួយអន្តរាគមន៍នៅពេលដែលមានអគ្គីភ័យកើតឡើងបានសហការជាមួយកម្លាំងជំនាញជួយអន្លត់និងបានជួយរុករកសពអ្នករងគ្រោះដោយលង់ទឹកជាដើម ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ក៏បានបញ្ជាក់ថា៖នៅឆ្នាំ២០២២នេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបានជួយបានអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលរស់នៅតាមបន្ទាត់ព្រំដែនបានទាន់ពេល និងជួយប្រមូលផលស្រូវប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ជនលិចស្រូវនៅក្រុងសិរីសោភ័ណ និងពេលនេះបានជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងការលិចលងដោយជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅវាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ដើម្បីជាការឆ្លើយតបប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ ក៏បានថ្លែងអណគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលបានចាត់តាំងកម្លាំងមកចុះជួយច្រូតប្រមូលផលស្រូវរបស់គាត់ដែលរងគ្រោះដោយទឹកជំនន់ជន់លិចនេះ៕ បន្ទាយមានជ័យ,១២/០៩/០២២=ណុប-រក្សា(២៩០១៦)