15/09/22 14:41 PM
ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានរៀបចំពិធីបិទវគ្គ និងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដោយជោគជ័យដល់សិក្ខាកាមវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ស្ដីពីបទដ្ឋានគតិយុត្ត នីតិវិធី វិធានការបច្ចេកទេស ក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ក្រោមអធិបតីភាពឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយបានការចូលរួមពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជីវករចំនួន ១៦៨នាក់។
លោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានអោយដឹងថា៖ មន្ទីរបានសហការជាមួយ និងនាយកដ្ឋាននីតិកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាត និងសម្របសម្រួលពីគណៈអភិបាលខេត្តកណ្ដាល បានបញ្ចប់វគ្គរួចរាល់ចំនួន ០២ វគ្គរួចមកហើយដោយសិក្ខាកាមជាអាជីវករថ្នាំកសិកម្ម ជីកសិកម្មចំនួន មានចំនួន១៦៨នាក់ ក្នុងនោះសិក្ខាកាមមកពីស្រុកស្អាងចំនួន ៥១នាក់ ស្រុកកោះធំចំនួន ៥៨នាក់ ស្រុកកៀនស្វាយចំនួន ២៦នាក់ ស្រុកលើកដែកចំនួន ៧នាក់ ស្រុកល្វាឯមចំនួន ១១នាក់ ស្រុកកណ្ដាលស្ទឹងចំនួន០២នាក់ ស្រុកខ្សាច់កណ្ដាលចំនួន០១នាក់ ស្រុកមុខកំពូលចំនួន 0២នាក់ ក្រុងតាខ្មៅ ៦នាក់ រាជនីចំនួន០២នាក់ និងតាមបណ្ដាខេត្តចំនួន០២នាក់។
នាឱកាសនោះលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងលើកកំពស់ការយល់ដឹងរបស់អាជីវករទាំងអស់ទាំងផ្នែកបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្ត និងឱ្យអាជីវករទាំងអស់គោរពឱ្យបាននូវច្បាប់ថ្នាំជីកសិកម្មរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានចូលជាធរមាននៅឆ្នាំ ២០២០កន្លងមកនេះ។
លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះផ្អែកតាមសន្ទុះ នៃការអភិវឌ្ឍន៍វិស័យកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវតម្រូវការធាតុចូលកសិកម្មរួមមាន៖ ថ្នាំកសិកម្ម និងជីកសិកម្ម ក៏ដូចជាសម្ភារៈកសិកម្មផ្សេងៗទៀតកាន់តែកើនឡើងជាលំដាប់ចំពោះមុខពិតមែន តែការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មក៏ដូចជាសម្ភារៈកសិកម្មមួយចំនួនផ្សេងៗ ពុំត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ក៏ដោយ ប៉ុន្តែផលិតផលទាំងនេះ នៅតែជាតម្រូវការមិនអាចបញ្ឈប់បាន ហើយត្រូវបានប្រើប្រាស់ដោយកសិករ និងធ្វើចរាចរណ៍នៅលើទីផ្សារទូទាំងប្រទេសកាន់តែទូលំទូលាយ និងបានកើនឡើងជាលំដាប់ជាក់ស្ដែងបរិមាណថ្នាំកសិកម្មនិងជីកសិកម្ម ដែលត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យនាំចូលដើម្បីផ្គត់ផ្គង់ និងចែកចាយនៅក្នុងប្រទេសកម្ពុជាបានកើនឡើងទ្វេដង ទោះតម្លៃថ្នាំកសិកម្ម និងជីកសិកម្ម នាពេលបច្ចុប្បន្នមានការឡើងថ្លៃខ្លាំងក៏ដោយ។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម យើងសង្កេតឃើញថាការគ្រប់គ្រងធាតុចូលកសិកម្មនៅជួបបញ្ហាប្រឈមមួយចំនួនទាក់ទងការងារគ្រប់គ្រងការធ្វើអាជីវកម្ម ការអនុវត្តបច្ចេកទេស ច្បាប់ លិខិតបទដ្ឋាន កិច្ចសហការ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ការនាំចូលខុសច្បាប់ ការក្លែងបន្លំគុណភាព ស្លាកសញ្ញា សំបកវេចខ្ចប់ និងធនធានមនុស្សនៅមានកម្រិត ដែលបញ្ហាទាំងអស់នោះទាមទារឱ្យមន្រ្តីជំនាញ និងជាពិសេសអាជីវករ និងដៃគូពាក់ ព័ន្ធទាំងអស់ចូលរួមគាំទ្រ ផ្តល់កិច្ចសហការក្នុង ស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីដាក់ចេញនូវវិធានការដោះស្រាយបញ្ហាឱ្យចំគោលដៅ ទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព ឯកឧត្ដមក៏បានជុំរុញឱ្យមន្ទីរកសិកម្ម ត្រូវខិតខំអនុវត្តច្បាប់ រៀបចំលិខិតបទដ្ឋានគតិយុត្ត ការគ្រប់គ្រង សេវាសាធារណៈ ចុះត្រួតពិនិត្យលើការផ្គត់ផ្គង់ ចែកចាយ លក់ដុំលក់រាយថ្នាំ និងជីកសិកម្មដោយបានចាត់វិធានការចំពោះបទល្មើស និងបានប្រមូលប្រាក់ពិន័យជូនរដ្ឋ ។
នាឱកាសនោះដែរ ឯកឧត្ដម ក៏បានឧបត្ថម្ភដល់ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកណ្តាល នូវទឹកប្រាក់ចំនួន ៨០លានរៀល ដើម្បីគាំទ្រការរៀបចំទស្សនៈវិស័យមាសបៃតងខេត្តកណ្ដាលឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ផងដែរ។