រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំការប្រណាំងទូក ដើម្បីអបអរពិធីបុណ្យអុំទូកយ៉ាងអធិកអធម ចំនួន០៣ថ្ងៃ នាខែវិច្ឆិកាខាងមុខនេះ នៅទីតាំងកស្សិនទឹក តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ហ្លួងព្រះស្តេចកន


ត្រលប់ក្រោយ

15/09/22 14:44 PM

ចំនួនទស្សនា៖

363

ប្រភព៖

ត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំយ៉ាងអធិកអធមអឺងកង ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២នេះ អមជាមួយការតាំងលក់ទំនិញពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្រ្តី ការប្រណាំងទូកង ទូកអុំ អកអំបុកសន្តិភាព ការដុតកាំជ្រួចនាពេលរាត្រី និងកម្មវិធីជាច្រើនទៀត។ 


កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរនានាជុំវិញខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង/ស្រុក ទាំង៧ និងអ្នកពាក់ព័ន្ធ។

ក្រោយពីពិភាក្សារួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្រេចប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត សម្រាប់ខេត្តត្បូងឃ្មុំ ត្រូវរៀបចំធ្វើនៅថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។


ក្នុងពិធីនេះ នឹងមានការប្រណាំងទូក ដោយមានទូកចូលរួមមកពីតាមមន្ទីរ/អង្គភាពជុំវិញខេត្ត ទូកមកពីបណ្តាខេត្តជិតខាង និងទូកនានា ដែលបានសុំចូលរួមប្រកួត នៅទីតាំងកស្សិនទឹក តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ហ្លួងព្រះស្តេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានភាពធំទូលាយដើម្បីប្រារព្ធពិធីដោយរលូន។


ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីវិធានការជុំវិញកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការបញ្ជៀសចរាចរណ៍រថយន្តក្នុងពេលប្រារព្ធពិធី ការត្រៀមរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកស្នាក់នៅ និងការរៀបចំទីលានប្រណាំងទូក ការដាក់ចេញនូវផែនការសង្គ្រោះទូកលិច ការសង្គ្រោះអ្នកជំងឺ ការរៀបចំតុបតែងលំអសោភ័ណភាព អនាម័យ បរិស្ថាន និងអគ្គិសនី ក្រៅពីនោះក៏បានពិភាក្សាលើការងារមួយចំនួនទៀត ជាមួយអាជ្ញាធរទាំង៧ ក្រុង/ស្រុក។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា ដោយសារពេលវេលាកាន់តែខិតជិតមកដល់ហើយនោះ សូមឱ្យអនុគណៈកម្មាកាដែលបានបែងចែករួចទទួលបន្ទុករៀបចំ ធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាតសោភ័ណភាពទីតាំងប្រារព្ធពិធី មានដូចជា អនាម័យបរិស្ថាន ការទុកដាក់សម្រាម ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការតាំងពិព័រណ៍ និងការប្រគុំតន្រ្តីកម្សាន្ត។


ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់អនុគណ:កម្មការរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិថ្នាក់ខេត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ខ្ពស់ និងឲ្យបានល្អប្រសើរ ព្រោះថាខេត្តត្បូងឃ្មុំកំពុងអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ ដោយឡែកប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាពពេញលេញ មានផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ បូករួមការផ្សព្វផ្សាយបានទូលំទូលាយបន្ថែមទៀតនោះ នឹងមានបងប្អូនប្រជាពលរដ្ឋមិនថានៅក្នុងខេត្ត បណ្តាខេត្តនានា ក៏ដូចជារាជធានីភ្នំពេញ មកចូលរួមកម្មវិធីយ៉ាងអធិកអធមមួយនេះជាក់ជាមិនខាន៕



dd
Bottom Ad