យុវសិស្ស ២០០នាក់ មកពី ៤គ្រឹះស្ថានសិក្សា ទទួលបានការបំពាក់កន្សែងបំពេញសិទ្ធិ ជាយុវជនកាកបាទក្រហមកម្ពុជា ពីគណៈកម្មាធិការ សាខាខេត្តកំពង់ចាម


ត្រលប់ក្រោយ

16/09/22 09:36 AM

ចំនួនទស្សនា៖

295

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ ក្រុមប្រតិបត្តិសាខាកាកបាទក្រហម ខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែង ជូនយុវសិស្ស ចំនួន ២០០នាក់ ដើម្បី បំពេញសិទ្ធិ ជាយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចហើយ កាលពីដើមឆ្នាំ ២០២២ កន្លងទៅនោះ ។ ដែលពិធីនេះ បានរៀបចំនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងមានការអញ្ជើញចូលរួម លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាជាច្រើនរូប ផងដែរ ។  


ក្នុងរបាយការណ៍ស្វាគមន៍ របស់ លោក ទូច ឆៃ នាយកប្រតិបត្តិរបស់សាខា បានគូសបញ្ជាក់ថា សាលាគោលដៅ ទូទាំងខេត្ត សរុបមាន ៥០ ក្នុងនេះ មានសកលវិទ្យាល័យ ៧ និង វិទ្យាល័យ ៤៣ - មានទីប្រឹក្សាយុវជន ៨៦នាក់ ( ស្រី ៧នាក់) និងយុវជន កក្រក ២,១៨៥ នាក់ ( ស្រី ១,២០៧នាក់ ) ។ លោក នាយកបានបន្តទៀតថា យុវជនកាកបាទក្រហមកម្ពុជា ទាំង ២០០នាក់ នេះ មានស្រី ១០១នាក់ មកពីវិទ្យាល័យចំនួន ៤ ក្នុងក្រុងកំពង់ចាម និង ស្រុកកំពង់សៀម រួមមាន វិទ្យាល័យតេជោហ៊ុនសែន បឹងកុក , វិទ្យាល័យព្រះសីហនុ វិទ្យាល័យដីដុះ និង វិទ្យាល័យសម្តេច ជួនណាត ។


ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំប្រសាសន៍ផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គពិធីទាំងមូល និង បានពាំនាំអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ពិសេស ក្រើនរំលឹកដល់ក្មួយៗ ជាយុវជន កក្រក ថ្មី ទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយត្រូវពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្ត លះបង់កម្លាំងកាយ ចិត្ត និងពេលវេលា ដើម្បី ធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករ ដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» ។



ទន្ទឹមជាមួយការបំពាក់កន្សែង និងមួកសុវត្ថិភាព នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក្នុងនាម ប្រធានគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏បានផ្តល់ជូន ដល់យុវជនកាកបាទក្រហមកម្ពុជា ទាំង ២០០នាក់ ទីប្រឹក្សាយុវជន ៤នាក់ នាយកវិទ្យាល័យ ៤នាក់ និងអ្នកស្ម័គ្រចិត្ត ២០នាក់ នូវមួកសុវត្ថិភាព ម្នាក់ ១ ផងដែរ ៕


dd
Bottom Ad