16/09/22 09:58 AM
ខេត្តកណ្តាល៖ អំពូលសូឡាចំនួន ៥៣៨បង្គោល ប្រើប្រាស់មូលនិធីរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ស្ថិតក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋជាង ៣០០នាក់ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលបានរៀបចំឡើងនៅក្នុងសាលាឃុំតាឯក។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការបំពាក់អំពូលភ្លើងសូឡានេះ មិនត្រឹមតែជួយបំភ្លឺដល់អ្នកធ្វើដំណើរក្នុងពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយទប់ស្កាត់បញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋានផងដែរ ពិសេសជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបង្កើនសុវត្ថិភាពភូមិឃុំនៅពេលយប់។
ឯកឧត្តមបញ្ជាក់បន្ថែមថា ការបំពាក់បំភ្លើងភ្លើងសូឡានេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋ ធ្វើឱ្យពួកគាត់លែងមានអារម្មណ៍ព្រួយបារម្ភ ក្នុងការប៉ះទង្គិចគ្នាពេលធ្វើចរាចរណ៍នាពេលយប់ ម្យ៉ាងទៀតវាបានជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការហាត់ប្រាណនៅលើដងផ្លូវនាពេលរាត្រី។ ឯកឧត្តមក៏បានផ្តាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សា អំពូលសូឡាទាំង៥៣៨បង្គោលនេះឱ្យបានល្អ ធានាដល់ការប្រើប្រាស់បានយូរអង្វែង បើពិនិត្យឃើញថាមានអំពូលណាមួយមិនដំណើរការត្រូវរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ដើម្បីធ្វើការដោះស្រាយជូនបានទាន់ពេលវេលា។
នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ផេន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការដាក់អំពូលសូឡានេះគឺជាផ្នែកមួយនៃការចូលរួមប្រឡងប្រណាំងភូមិ-ឃុំមានសុវត្ថិភាព របស់រដ្ឋបាលស្រុក ឯកឧត្តមបានជំរុញដល់ រដ្ឋបាលស្រុកត្រូវតែពិនិត្យមើលតាមបណ្តាឃុំដែលមិនទាន់បានបំពាក់អំពូលសូឡា ហើយរដ្ឋបាលស្រុកត្រូវតែគៀងគរ សប្បុរសជន ក្រុមហ៊ុនវិនិយោគ និងព្យាយាមស្វែងរកដៃគូរសហការណ៍បន្ថែម ដើម្បីបន្តរៀបចំដាក់អំពូលសូឡាឱ្យបានគ្រប់ឃុំ ដើម្បី សោភ័ណភាព និងសុវត្ថិភាពនៅមូលដ្ឋាន។។
ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានល្អ មិនត្រូវធ្វើប្រហែសជាដាច់ខាត ដោយត្រូវបន្តអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអភិក្រម របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង៣ការពារ ពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសដូសជំរុញ ទី៤ និងទី៥ឱ្យបានគ្រប់ៗគ្នា។
លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា អំពូលសូឡឡាចំនួន៥៣៨បង្គោល ស្ថិតនៅ ឃុំតាឯក គឺបានប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២១ បានដាក់ ដេញថ្លៃនៅថ្ងៃទី៧ ខែ៧ ឆ្នាំ២០២១ ដែលចំណាយ ថវិកាសរុបចំនួនជាង ១០ម៉ឺន ដុល្លារអាមេរិក ដោយក្រុមសរណន់គ្រុប ជាអ្នកទទួលការសាងសង់ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ និងបញ្ចប់រួចរាល់១០០% នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ។