21/09/22 13:17 PM
ព្រះសីហនុ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ ១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ ដោយក្តីនឹករលឹក ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ៖ សមិទ្ធិផលដែលបានដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ រួមមាន អាគារជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នងកម្ពស់ ០១ជាន់ មានទំហំ ៩០ម៉ែត្រ x ៣០ម៉ែត្រ ធ្វើពីគ្រឹះ សសរបេតុងដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ ១.៧៤២.៨៣០ដុល្លារ និង អគារមន្ទីរពិសោធន៍ ១ខ្នង ទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសាងសង់អស់ចំនួន ២៧០.០០០ ដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការតម្លើងម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់រដ្ឋបាលខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ទទាំងអស់ បានរួមគ្នាយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ខេត្ត ជាពិសេស ការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ ចំណែកឯ អាគារថ្មីរួមជាមួយនឹងសមិទ្ធផលដែលសម្ពោធថ្ងៃនេះ បានឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃវិស័យសុខាភិបាល ជាពិសេស ការចូលរួមចលនាពីមហាជនគ្រប់ទិសទី ដែលបានសាងសង់ មន្ទីរពេទ្យបង្អែកនេះ ដើម្បីបំពេញបន្ថែមដល់ការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន និង រួមចំណែកដោះស្រាយការលំបាករបស់ប្រជាជននៅមូលដ្ឋានផង និងជួយជំរុញវិស័យសុខាភិបាលផង។ អាគារថ្មីមួយនេះ រួមជាមួយនឹងការបំពាក់នូវឧបករណ៍ទំនើបៗ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការផ្តល់សេវាថែទាំ និងព្យាបាលជម្ងឺកូវីដ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋយើង ជាពិសេស ស្ត្រី និងកុមារ នឹងជម្រុញ វិស័យសុខាភិបាលនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង។
លោកជំទាវក៏បានស្នើដល់បុគ្គលិកសុខភិបាល ៖
១.សូមបុគ្គលិកពេទ្យទាំងអស់ ជាពិសេសមន្ទីរពេទ្យបង្អែកនេះ ដែលកំពុងធ្វើប្រតិបត្ដិការផ្ដល់សេវាលើការសង្គ្រោះ និងពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវបន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយដើម្បីផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារ-សុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។
២.សូមបុគ្គលិកពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ។ ម្យ៉ាងទៀត ខ្ញុំសូមស្នើមន្ទីរពេទ្យទាំងអស់ ត្រូវថែររក្សាអនាម័យ ភាពស្អាតស្អំ គ្មានធូលី និងមេរោគ ជាពិសេសត្រូវសំអាតសម្ភារៈបរិក្ខាពេទ្យ កម្រាលឥដ្ឋ បន្ទប់អ្នកជម្ងឺ និងទីធ្លាពេទ្យទាំងមូលជាប្រចាំ។
៣.ស្នើរដ្ឋបាលខេត្តព្រះសីហនុ អជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ រួមជាមួយបុគ្គលិកមន្ត្រីរាជការនិងប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សាសមិទ្ធិផលនេះ ដើម្បីជាប្រយោជន៍សម្រាប់សុខភាពសាធារណៈនៅខេត្តព្រះសីហនុរបស់យើងបានយូរអង្វែង និងជម្រុញនូវវធានការអប់រំដល់ប្រជាពលរដ្ឋ ក្នុងការថែរក្សាអនាម័យ និងការរស់នៅស្អាត៕