អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកឲ្យមន្ត្រី រក្សាមរតកចាស់ និងប្រឹងប្រែងបង្កើនស្នាដៃថ្មី បន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ


ត្រលប់ក្រោយ

23/09/22 08:54 AM

ចំនួនទស្សនា៖

186

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ នីវត្តជន អតីតយុទ្ធជនកម្ពុជា និងអ្នកសារព័ត៌មាន នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានក្រើនរំលឹកឲ្យមន្ត្រីរាជការទាំងអស់ ថែរក្សាមរតកចាស់ និងខិតខំប្រឹងប្រែងបង្កើនសមត្ថភាពអភិវឌ្ឍន៍ បន្សល់ទុកសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់អ្នកជំនាន់ក្រោយៗ ។ 


នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រីរាជការទាំងអស់ ព្រមទាំង មន្ត្រីរាជការអតីតនិវត្តជន របស់សាលាខេត្ត និងអតីតយុទ្ធជនទាំងអស់ ដែលបានរួមគ្នាសហការ គាំទ្រ ដើម្បីបំពេញការងារធ្វើឲ្យរដ្ឋបាល ខេត្តកំពង់ចាម អាចសម្រេចបាននូវគោលដៅសំខាន់ៗ ទៅតាមផែនការប្រចាំឆ្នាំ ដែលបានគ្រោងទុក នឹងធ្វើឲ្យខេត្តកំពង់ចាម ជាខេត្តមួយគំរូ ដែលបានទទួលការកោតសរសើរ ពីប្រជាពលរដ្ឋ ក៏ដូចជាពីសំណាក់ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។


ប៉ុន្តែ យ៉ាងណាក៏ដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ក្រើនរំលឹក ដល់មន្ត្រីរាជការទាំងអស់ ដែលកំពុងទទួលមរតក ពីថ្នាក់ដឹកនាំជំនាន់មុន ដែលបានបន្សល់ទុកឲ្យ ត្រូវចេះថែរក្សាមរតកទាំងនោះ ឲ្យបានគង់វង្ស ហើយត្រូវខិតខំប្រឹងប្រែងធ្វើការងារ ឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍សមិទ្ធផលថ្មី បន្សល់ទុកស្នាដៃ ក្នុងអាណត្តិរបស់ខ្លួន ទុកឱ្យអ្នកជំនាន់ក្រោយៗ អភិវឌ្ឍន៍បន្តទៀត។ ដូច្នេះ មន្ត្រីរាជការទាំងអស់ ត្រូវចាំបាច់ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងនោះត្រូវពង្រឹងសមត្ថភាព ក្នុងចំណុះរដ្ឋបាលសាលាខេត្ត ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ស្រុក ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ឃុំ-ភូមិ ធ្វើយ៉ាងណា ឱ្យមានសមត្ថភាពពោរពេញទៅដោយសក្តានុពល ដែលអាចផ្ដល់សេវាជូនប្រជាពលរដ្ឋ បានតាមតម្រូវការ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ។


នាឱកាសនោះដែរ ដើម្បី លើកទឹកចិត្តទៅដល់មន្ត្រីរាជការ ក៏ដូចជា និវត្តន៍ជន នៅក្នុងសាលាខេត្ត ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា មួយចំនួន ដើម្បី ពួកគាត់បានចូលរួមចំណែកជាមួយក្រុមគ្រួសារ បានធ្វើបុណ្យ ធ្វើទាន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ផងដែរ ៕



dd
Bottom Ad