23/09/22 11:45 AM
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធពិធីកាន់បិណ្ឌទី១៣ នៅវត្តថ្កូវ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តាមពិធីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងប្រជាពុទ្ធបរិស័ទទំាងអស់បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតាញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែល បានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជូនពរដល់ប្រជាពលរដ្ឋទំាងអស់ជូបតែសេក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។ រាល់ការធ្វើដំណើរជិតឆ្ងាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះជួបតែសុខ សុវត្ថិភាព ដោយគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នានិងចេះអព្យាស្រ័យគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់អាជ្ញាធរគ្រប់ទីកន្លែងជួយសម្រួលនិងបង្ករលក្ខណៈងាយស្រួល ជូនដល់ពលរដ្ឋក្នុងការធ្វើបុណ្យទាននិងដំណើរកម្សាន្តជួបជុំក្រុមគ្រួសារនៅក្នុងរដូវភ្ជុំបិណ្ឌនេះ ឲ្យបានល្អប្រសើរជាទីបំផុត៕