សមិទ្ធផលនានា ក្នុងវត្តធម្មសាមគ្គីពង្រ​ តម្លៃ​ជាង៥១ម៉ឺន​ដុល្លារ​អាមេរិក​​ ក្នុងសង្កាត់កំពង់ស្វាយ ត្រូវបានរៀបចំធ្វើបុណ្យឆ្លងនិងសម្ពោធដាក់ឲ្យប្រើប្រាស់


ត្រលប់ក្រោយ

03/10/22 13:11 PM

ចំនួនទស្សនា៖

232

ប្រភព៖

បន្ទាយមានជ័យ


នៅថ្ងៃទី​២​ ខែតុលា​ ឆ្នាំ​២០២២ ម្សិលមិញ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំរាត្រី​ បានអញ្ជើញ​ជាអធិបតី​ ​ ក្នុងពិធីបុណ្យឆ្លងព្រះបរិយត្តិសិក្ខាសាលា និងសមិទ្ធផលនានា វត្តធម្មសាម​គ្គីពង្រ​ ស្ថិតនៅភូមិពង្រ​ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ដែលមានតម្លៃជាង៥១ម៉ឺន​ដុល្លារ​អាមេរិក​។


ឯកឧត្តម​ អ៊ុំ​ រាត្រី​ មានប្រសាសន៍ថា​ ៖សមិទ្ធផលនានដែលបានកើតចេញមកនាពេលនេះ គឺផ្តើមមកពីកត្តានៃសុខសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ទន្ទឹមនឹងការខិតខំប្រឹងប្រែងការអភិវឌ្ឍវិស័យអាណាចក្រ សម្តេចតេជោ ក៏បានយកចិត្តទុកដាក់ខ្ពស់ខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការចូលរួមពង្រឹង សាមគ្គីភាព ការលើកកម្ពស់វប្បធម៌ នៃការអធ្យាស្រ័យយោគយល់គ្នានៅក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងពុទ្ធសាសនិកទាំងអស់ បានលើកស្ទួយព្រះពុទ្ធសាសនាជាដរាប បន្តការពារ និងគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា បន្តស្ថិតនៅ និងជ្រួតជ្រាបដល់ប្រជាជនខ្មែរគ្រប់រូប និងស្ថិតស្ថេរគង់វង្ស ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។


ឯកឧត្តម​ អភិបាលខេត្ត​ បញ្ជាក់ថា​ ៖​ រាជរដ្ឋាភិបាលពិតជាត្រូវការវត្តមាន និងការចូលរួមទាំងស្មារតី សម្ភារៈ និងបញ្ញាញាណ ពីព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ​ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យក្លាយទៅជាសង្គមមួយដែលមានការអភិវឌ្ឍន៍រីកចម្រើន គ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជា ឲ្យនៅតែជាសង្គមមួយដែលមានមូលធនសង្គមដ៏រឹងមាំ ពោលគឺជាសង្គមមួយដែលមានប្រជាជនមានចំណេះដឹងជ្រៅជ្រះ មានគុណធម៌ សីលធម៌ ចរិយាធម៌ សាមគ្គីធម៌ និងជាប្រទេសដែលសំបូររុងរឿង បន្តនូវ អរិយធម៌ខ្ពង់ខ្ពស់ត្រចេះត្រចង់ប្រកបដោយសុខសន្តិភាព ជានិរន្តរ៍។


សូមបញ្ជាក់ថា​ ៖​ ព្រះបរិយត្តិសិក្ខាសាលា ១ខ្នង ដែលត្រូវសម្ពោធឆ្លង​ មានតម្លៃ​ ១៨៦,៥០០ដុល្លារ​ រួមនឹងសមិទ្ធផលនានានៅក្នុងវត្ត​ សរុប​ថវិកាអស់ចំនួន៥១៣,៥៣០ដុល្លារ ដែលមានការចួលរួមពីឧបាសិកាស៊ិន ស៊ីណា និងក្រុមគ្រួសារព្រមទាំងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស។​


នាឱកាសនោះឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានបំពាក់គ្រឿង​ ឥស្សរិយយស​ និងប្រគល់លិខិតថ្លែងអំណរគុណ​ ​ជូនចំពោះសប្បុរសជន​ ដែលបានចូលរួមចំណែកកសាង​ សមិទ្ធផល​នានានៅក្នុងវត្ត​ ព្រមទាំមបានចែកអំណោយជូនពលរដ្ឋចាសជរា​ ពលរដ្ឋ​មានជីវភាពខ្វះខាត​ ចំនួន៥០គ្រួសារ​ ជូនអំណោយដល់តាជីយាយជី​ លោកគ្រូ​-អ្នកគ្រូ​ និងសិស្សានុសិស្ស​ដែលបានចូលរួមផងដែរ៕

បន្ទាយមានជ័យ,០៣/១០/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad