04/10/22 15:08 PM
ខេត្តកណ្តាល៖ ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១,០៦០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិតាគល់ ភូមិធំ ភូមិអំពិល និងភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកបានងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ៖ការសាងសង់ និងជួសជុលផ្លូវនេះគឺក្នុងគោលបំណងដើម្បី ឆ្លើយតបនូវដំរូវការចាំបាច់របស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលើកនូវសោភ័ណភាពផ្លូវឲ្យបានសមរម្យផងដែរ។ឯកឧត្ដមបានជំរុញឲ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ធ្វើការសាងសង់ផ្លូវចាក់បេតុង ត្រូវធានាឲ្យបាននូវគុណភាពប្រើប្រាស់ តាមស្តង់ដា ពិសេសត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹកឲ្យបានត្រឹមត្រូវ។
ឯកឧត្ដមក៏បានសំណូមពរ និងការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមដងផ្លូវនេះនៅពេលការស្ថាបនាផ្លូវតែងមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន អំពីសុខភាព អនាម័យ ក៏ប៉ុន្តែនៅពេលផ្លូវនេះរួចរាល់ហើយនោះ ផ្លូវនេះនឹងជួយសម្រួល ក្នុងការដឹកជញ្ជូនកសិផលដែលបងប្អូនដែលផលិតបានយកទៅកាន់ទីផ្សារ ម៉្យាងទៀតសូមឲ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះអោយមានសោភ័ណភាព និងគុណភាពប្រើប្រាស់បានយូ។ ក្នុងឱកាសនោះដែលឯកឧត្តមអភិបាលរងខេត្តក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមរាល់ឯកសារ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទាំងអស់គ្នា។
មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ ឯកឧត្តម ទី សុគន្ធ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង បានមានប្រសាសន៍ថា៖ ការបើកការដ្ឋានជួសជុលផ្លូវនាពេលនេះ គឺបានបង្ហាញជាថ្មី នូវភាពរីកចំរើនរបស់ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿជឿជាក់ទ្វេរឡើងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅលើការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
ឯកឧត្តមបញ្ជាក់ទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ តាមរយៈការកសាងនូវសមិទ្ធផលនានា មានដូចជា ព្រះវិហារ សាលារៀន បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ផ្សេងៗទៀតជាច្រើននៅទូរទាំងប្រទេស ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសជាតិកំពុងតែមានការរីកចំរើនយ៉ាងពិតប្រាកដ៕