06/10/22 12:12 PM
ប្រជាពលរដ្ឋចំនួន ២២៧គ្រួសារ ដែលមានជីវភាពខ្វះខាត ចាស់ជរា ជនមានពិការភាព និងរងផលប៉ះពាល់ដោយទឹកជំនន់ ឃុំភ្នំលៀប ក្នុងស្រុកព្រះនេត្រព្រះនិងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឡើងមានប្រសាសន៍រាយការណ៍ដឹងថា៖ ខេត្តបន្ទាយមានជ័យ មាន៧ក្រុង-ស្រុក និងប្រជាពលរដ្ឋ៨ពាន់គ្រួសារ បានប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះមាន ៤៦៥គ្រួសារ បានជម្លៀសទៅទីទួលសុវត្ថិភាព ខណ:ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងក្រុង-ស្រុកទាំង៧ បានប៉ះពាល់ជិត៣ម៉ឺនហិកតា។
ជាមួយគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ដែលនឹងអាចកើតមានឡើងជាយថាហេតុពីជំនន់ទឹកភ្លៀងនេះពិសេសត្រូវថែទាំសុខភាព មនុស្សចាស់ និងកុមារ ជាប់ជាប្រចាំ ដោយមិនត្រូវទុកពួកគាត់ឱ្យនៅតែម្នាក់ឯងជាដាច់ខាត ហើយអាជ្ញាធរដែនដីមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែប្រុងជេីងការជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីចាំបាច់ ត្រៀមឱសថ ថ្នាំសង្កូវ និងត្រៀមស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងត្រៀមទប់ទឹកបម្រុងទុកសម្រាប់កសិកម្មពេលទឹកស្រុកចុះទៅវិញ ដើម្បីសម្រួលការងាររកស៊ីទទួលទាន និងដាំដុះរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គីមយ៉ាន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ដេីម្បីសម្រាលនូវការលំបាក៖១.ប្រជាពលរដ្ឋចំនួនសរុប២២៧គ្រួសារនៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកស៊ីអ៊ីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២ម៉ឺនរៀល,២.ចូលបច្ច័យកសាង១លានរៀល និងអង្ករ ១០០គីឡូក្រាម,៣.ក្រុមគ្រូពេទ្យថវិកានៅស្រុកទាំងពីរក្នុងស្រុកៗ២០ម៉ឺនរៀល៤.ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៨គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺនរៀល។៥.ស្រុកព្រះនេត្រព្រះ នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្នុង១អង្គភាពថវិកា៥០ម៉ឺនរៀល៦.យុវជនសសយក ថវិកា៣០ម៉ឺនរៀល៕
បន្ទាយមានជ័យ,05/10_022=ណុប រក្សា