10/10/22 14:31 PM
(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវពោង និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូកង ចំនួន០៥ទូក មកពីបណ្តាវត្តនានា នៅបរិវេណវត្តរការធំ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទូកង ទាំង៥ទូកនេះ នឹងត្រូវចេញទៅប្រកួតនៅខេត្តកំពង់ចាម ក្នុងពិធីអុំទូក បណ្តែតប្រទីប តាំងពិព័រណ៍ “ភូមិមួយផលិតផលមួយ ” ខេត្តកំពង់ចាម ថ្ងៃចេញព្រះវស្សា រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។
នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា អស់រយ:ពេល ២ឆ្នាំមកហើយដែលយើងមិនបានអុំទូក ង ដោយសារតែយើងរងនូវវិបត្តិជំងឺឆ្លងកូវីដ-19។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នា រៀបចំពិធីប្រណាំងទូក ង តាមទំលាប់ប្រពៃណីតាមបណ្ដាខេត្តក្រុងនានាឡើងវិញនាពេលនេះ ជាពិសេសធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកពាក្យថា អរគុណសន្តិភាព ដាក់ជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នាជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំគ្នាមកប្រារព្វពិធីអុំទូកបែបនេះបាននោះឡើយ ។
ឯកឧត្តមបណ្ឌិត ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវតែជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ របស់យើង មានតែលោកមេភូមិមេឃុំរបស់យើងទេដែលគាត់ដឹងពីសុខទុក្ខលំបាករបស់បងប្អូនមុនគេ ទើបគាត់រាយការណ៍ទៅរដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្ត ចាត់ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះមកជួយបងប្អូនទាន់ពេលវេលាបាន។
សូមជម្រាបថា៖ ទូកងទាំង៥ចំណុះ៧៥នាក់ដូចគ្នា រួមមាន 1-ទូក”ព្រះខ័នពេជ្រ” (វត្តច័ន្ទគាមុនី) 2-ទូក“អម្ពវ័នធីតារចនាមានជ័យ “ (វត្តអម្ពវ័នជំនីក) 3-ទូក”រកាខ្នុរសែនជ័យសិរីឧត្តម” (វត្តហ្លួងរកាខ្នុរ) 4-ទូក”មហាគ្រុឌ”(វត្តនាគវ័ន ) 5-ទូក "នាគវន្ត" (វត្តនាគវន្ត)៕