11/10/22 10:06 AM
សៀមរាប៖ ក្រុមការងារមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច សហការជាមួយនឹងមន្ទីរខេត្ត និងរដ្ឋបាលឃុំឃុំរុនតាឯក ដោយមានការសហការគាំទ្រពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងផែនការ បានចាប់ផ្ដើមផ្ទៀងផ្ទាត់ឈ្មោះជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ទៅរស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងកូវីដ-19 បន្ទាប់ពីមានការណែនាំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយយោងតាមរបាយការណ៍ដែលយើងទទួលបាននៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ សរុបក្នុងរយៈពេល ៣ថ្ងៃ គ្រួសារក្រីក្រទទួលបណ្ណក្រីក្រថ្មីបានផ្ទៀងផ្ទាត់ និងបើកប្រាក់បានចំនួន ៣,១៥៧គ្រួសារ ចំណាយថវិការអស់ទឹកប្រាក់សរុបចំនួន ៦០២,៥៤៤,០០០រៀល។ គ្រួសារកំពុងទទួលផលដែលប្ដូរបណ្ណថ្មីចំនួន ១,០២១ បណ្ណ។ ចំពោះគ្រួសារកំពុងទទួលផលដែលប្ដូរបណ្ណថ្មី និងត្រូវទៅផ្ទៀងផ្ទាត់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ខែតុលា ចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២តទៅដោយគ្រួសារទាំងនោះបានបើកប្រាក់សម្រាប់ខែកញ្ញាឆ្នាំ ២០២២ រួចរាល់ហើយ។
នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា÷
-នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ គ្រួសារក្រីក្រទទួលបានបណ្ណក្រីក្រថ្មី បានផ្ទៀងផ្ទាត់និងបើកប្រាក់បានចំនួន ៩២៧គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ១៨០,៨៨៨,០០០រៀល។ គ្រួសារកំពុងទទួលផលដែលប្ដូរបណ្ណថ្មីចំនួន ២៨៨ បណ្ណ។
-នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ គ្រួសារក្រីក្រទទួលបណ្ណក្រីក្រថ្មីបានផ្ទៀងផ្ទាត់និងបើកប្រាក់ចំនួន ១,២១០គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ២៣៣,៣៦៨,០០០រៀល។ គ្រួសារកំពុងទទួលផលដែលប្ដូរបណ្ណថ្មីចំនួន ៣៨៣បណ្ណ។
- នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ គ្រួសារក្រីក្របានប័ណ្ណក្រីក្រថ្មី បានផ្ទៀងផ្ទាត់និងបើកប្រាក់សរុបចំនួន ១,០២០គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ១៨៨,២៨៨,០០០រៀល។ គ្រួសារកំពុងទទួលផលដែលប្ដូរបណ្ណថ្មីចំនួន ៣៥០បណ្ណ។
សូមជម្រាបផងដែរថា ឯកឧត្តម វង សូត ប្រធានក្រុមការងារមូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ចបានគោរពស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅគោលការណ៍ពីចំណុចដូចខាងក្រោម÷
១. ស្នើសុំក្រសួងផែនការធ្វើការផ្លាស់ប្ដូរការកំណត់ទីតាំងភូមិធានីឃុំរុនតែឯកស្រុកបន្ទាយស្រីពីទីតាំងជនបទទៅជាទីតាំងប្រជុំជនវិញ។
២. ស្នើសុំទីតាំងទាំងឡាយដែលប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅតាមការកំណត់របស់រាជរដ្ឋាភិបាលនោះត្រូវបានកំណត់ជាទីតាំងប្រជុំជន។
តាមគោលការណ៍គោរពស្នើសុំខាងលើទាំងពីរចំណុចនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាកឯកភាពរាជរដ្ឋហើយ៕ អត្ថបទ: ប្រសិទ្ធ