11/10/22 10:33 AM
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានបន្តនាំយកអំណោយប្រគល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ២៦៦គ្រួសារ នៅក្នុងសង្កាត់ចំនួន៥ មាន ៖ សង្កាត់ទឹកថ្លា, អូអំបិល, កោះពង់សត្វ, ភ្នៀត និងសង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្នុងការនាំយកអំណោយទៅចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារ អភិបាលរងខេត្ត ក្រុមការងារយុវជនសសរ ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត អាជ្ញាធរមូលដ្ឋាន បានចូលរួមធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។
ជាមួយនឹងការនាំយកអំណោយសម្ដេចតេជោ ជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់លិចក្នុងក្រុងសិរីសោភ័ណនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។មួយវិញទៀតឯកឧត្តមក៏បានបញ្ជាក់ថា ៖ ស្ថានភាពទឹកនៅក្នុងខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ ផ្នែកខាងលើមានភាពធូរស្រាលជាបណ្តើរៗហើយដោយឡែកសម្រាប់ក្រុងសិរីសោភ័ណពីផ្នែកខាងលើដែលធ្វើឲ្យប៉ះពាល់ទៅដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទឹកនឹងចាប់ផ្ដើមស្រកចុះដូចស្ថានភាពដើមដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋទៅនៅលំឋានដូចដើមវិញនិង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពត្រូវមានអនាម័យក្នុងការរស់នៅទី ត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចកុំឲ្យលេងទឹកនិងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទិចឬខាំជាដើម។
សូមបញ្ជាក់ថា ពលរដ្ឋដែលទទួលអំណោយ ក្នុងមួយគ្រួសារទទួលបានឃីត១ រួមមាន ៖ អង្គរ១៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូ ខ្លាញ់១ដប និងអំបិល១គីឡូ មុងមួយ រួមនឹងសម្ភារៈមួយចំនួនទៀត៕បន្ទាយមានជ័យ,១០/១០/០២២=ណុប-រក្សា(២៩០១៦)