11/10/22 16:08 PM
បន្ទាយមានជ័យ៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំ វគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្ដីពី«សារៈសំខាន់នៃការបោះឆ្នោតនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន»ក្រោមអធិបតីភាព ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)អមដំណើរដោយ ឯកឧត្តមស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយដ្ឋាន អប់រំ ព័ត៌មាន និងទំនាក់ទំនង សាធារណៈ និងមានការចូលរួមពីឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ ថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ុក ដារា បានថ្លែងថា÷វគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងស្ដីពី ៖ សារៈសំខាន់នៃការបោះឆ្នោតនៅតាមគ្រឹះស្ថានសិក្សារដ្ឋនិងឯកជននិងក្លាយជាផ្នែកមួយជំរុញទៅយុវជនដែលទើបនិងគ្រប់អាយុនិងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតមកចុះឈ្មោះបោះឆ្នោតបានទាន់ពេលវេលាដែលបានកំណត់និងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងសង្គមលទ្ធិប្រជាធិបតេយ្យឱ្យបានទូលំទូលាយនិងដើម្បីជំរុញការចូលរួមរបស់យុវជនក្នុងព្រឹត្តិការណ៍បោះឆ្នោតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ប្រធានរៀបចំលេខាលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោកយ៉ុង សក្តិបានកត់សម្គាល់ឃើញថាសិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះឃើញថាពេញចិត្តនិងវគ្គអប់រំផ្សព្វផ្សាយដ៏ល្អនេះ ដែលបានជំរុញនិងលើកទឹកចិត្តដល់ក្រុមយុវជនក្នុងវិស័យបោះឆ្នោតឱ្យកាន់តែយល់ដឹងស៊ីជម្រៅបន្ថែមទៀតពាក់ព័ន្ធទៅនឹងការបោះឆ្នោត។
សូមជម្រាបជូនថាការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣និងចាប់ផ្ដើមពីថ្ងៃទី២០ខែតុលារហូតដល់ថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២២។ ចំពោះសិក្ខាកាមដែលបានចូលរួមក្នុងវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្ដីពីសារៈសំខាន់នៃការបោះឆ្នោតនៅតាមគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន នេះមានចំនួនជាង ៣០០នាក់ មាន៖សាកវិទ្យាល័យជាតិមានជ័យ ,សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា វិទ្យាល័យសម្ដេចឪ, វិទ្យាល័យសិរីសោភ័ណ ,វិទ្យាល័យអូរអំបិល,វិទ្យាល័យ ហ៊ុន សែនខ្លាកូន ដែលជាសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតក្នុងខេត្តបន្ទាយមានជ័យ៕ បន្ទាយមានជ័យ,១០/១០/២០២២=ណុប រក្សា (២៩០១៦)