12/10/22 08:59 AM
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងថា ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា នឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ និងជាផ្នែកមួយនៃការផ្ដល់លទ្ធភាពឱ្យថ្នាក់ក្រោមជាតិ រួមទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ មានឱកាស និងលទ្ធភាពបម្រើសប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងប្រកបដោយទំនួលខុសត្រូវខ្ពស់។
ការមានប្រសាសន៍លើកឡើងបែបនេះគឺនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នេះបើយោងតាមរបាយការណ៍ដែលយើងទទួលបានថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។
សម្ដេចក៏បានប្រកាសពីការត្រៀមលក្ខណៈរបស់សម្ដេច និងក្រុមការងារដើម្បីគាំទ្របន្ថែមទៀត សម្រាប់ការអភិវឌ្ឍមូលដ្ឋានឃុំតាប៉ុននេះ ក៏ដូចជាមូលដ្ឋានផ្សេងទៀតដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានសមល្មមទៅតាមលទ្ធភាព ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានដាក់ការប្ដេជ្ញាចិត្ត ហើយបាននឹងកំពុងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនាផ្លូវថ្នល់ ជំរុញការតភ្ជាប់ និងបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងអគ្គិសនីជូនប្រជាពលរដ្ឋ។
សូមជម្រាបផងដែរថា បន្ទាប់ពីអាជ្ញាធរថ្នាក់ជាតិបានប្រគល់សិទ្ធិកាន់តែច្រើនឲ្យអាជ្ញាធរមូលដ្ឋាន ឃើញថាការងារមួយចំនួនកាន់តែមានប្រសិទ្ធភាពខ្លាំងបន្ថែមទៀត ជាក់ស្ដែងដូចជាការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់។ ដោយ សម្ដេចបានសង្កត់ធ្ងន់ថា ល្បែងស៊ីសងនេះ ក៏មិនខុសពីគ្រឿងញៀននោះដែរ គឺវាជាប្រភពនៃការកើតមានបញ្ហាជាច្រើនក្នុងសង្គម ពិសេសបទល្មើសព្រហហ្មទណ្ឌ និងការបំផ្លាញសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ។ ដែលពេលនេះអាជ្ញាធរមូលដ្ឋានបាននិងកំពុងបង្ក្រាបបានល្អប្រសើរទាក់ទងទៅនឹងករណីនេះ និងត្រូវបន្តអនុវត្តដូចជាភ្លៀងរលឹមបន្ថែមទៀត។ នេះក៏កើតចេញពីការផ្ដល់សិទ្ធិអំណាចពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីមានសមត្ថភាពនិងអំណាចបន្ថែមក្នុងការបង្ក្រាបរឿងរ៉ាវដែលកើតមានទាំងអស់នេះ ពិសេសគឺករណីល្បែងស៊ីសងនិងការផ្សព្វផ្សាយគោលនយោបាយភូមិភពមានសុវត្ថិភាពរបស់គណបក្សប្រជាជនផងដែរ៕ អត្ថបទ: ប្រសិទ្ធ