សម្ដេចក្រឡាហោម ស ខេង÷ ស្ទឹងសង្កែ មិនត្រឹមតែជាប្រភពទឹកសម្រាប់ពលរដ្ឋធ្វើស្រែប្រាំងប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយលើកមុខមាត់ខេត្តបាត់ដំបង និងទាក់ភ្ញៀវទេសចរណ៍បានយ៉ាងច្រើន


ត្រលប់ក្រោយ

12/10/22 09:03 AM

ចំនួនទស្សនា៖

349

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសើរលើកឡើងថា នៅខេត្តបាត់ដំបង គឺមានដងស្ទឹងសង្កែ ដែលមិនត្រឹមតែជាប្រភពទឹកសម្រាប់បង្ហូរទៅតាមប្រឡាយនានាបម្រើឱ្យពលរដ្ឋធ្វើស្រែប្រាំងប៉ុណ្ណោះទេ ប៉ុន្តែសម្បត្តិសាធារណៈមួយនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកមុខមាត់ក្រុងបាត់ដំបង ដូចដែលបទចំរៀងសម័យដើមបានរៀបរាប់ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ផងដែរ ជាពិសេសគឺនៅរដូវវស្សាក្នុងឱកាសនេះដែរ រដ្ឋបាលខេត្ត បានបង្កើតកម្មវិធីប្រណាំងទូកដែលជាបុណ្យប្រពៃណីជាតិ ក៏បានទឹកដងស្ទឹងសង្កែដើម្បីប្រារព្ធពិធីនេះដែរ។ 


ការមានប្រសាសន៍លើកឡើងបែបនេះ នាឱកាសដែលសម្ដេចអញ្ជើញជាអធិបតីពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបទៀតពិសេសគឺប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងនៅខេត្តបាត់ដំបងយ៉ាងច្រើនកោះករ។


នាឱកាសដ៏វិសេសវិសាលនោះសម្ដេចក៏បានមានប្រសាសន៍ទៅកាន់ កីឡាករ កីឡាការិនី ថា សម្ដេចមានក្តីរីករាយរីករាយដែលមានឱកាសជាថ្មីទៀតបានចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។ សម្ដេចក៏បានអរគុណដល់ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។


សម្ដេចក៏អំពាវនាវរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងក្រុងបាត់ដំបង និងបណ្ដាស្រុកផ្សេងៗជាប់ស្ទឹងសង្កែ សូមខិតខំថែរក្សាបរិស្ថាន អនាម័យ និងកែច្នៃបន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងបាត់ដំបង ពិសេសស្ទឹងសង្កែនេះតែម្ដង។ សម្ដេចលើកទឹកចិត្តឱ្យបន្តរៀបចំសួនច្បារ និងដាំដើមឈើឱ្យបានច្រើន ទាំងដងស្ទឹង និងតាមបណ្ដោយដងផ្លូវ ដើម្បីបង្កើនបរិយកាសបៃតង។


នៅក្នុងព្រឹត្តិការណ៍នោះដែរក៏បានរកឃើញទូកដែលមានចំណាតើថ្នាក់ល្អ សម្រាប់ទូកងវែងប្រពៃណីវែងខ្នាតបុរសចំណុះ៦៨នាក់ឡើងទៅ ដែលជាទូកផែនពិសេស គឺជ័យលាភីលេខ១ បានទៅលើទូក «នរិន្ទរង្សីសជ័យពិចិត្របុត្រ» លេខ២ បានទៅលើទូក «បាត់ដំបងខនស៊ីមេនមានជ័យបារមីភ្នំដូននាយ» លេខ៣ បានទៅលើទូក «សុវណ្ណភត្រាបាត់ដំបងសជ័យ» និងលេខ៣ស្ទួន បានទៅលើទូក «ពិសីមានជ័យបារមីស្រីស្អាត»។


គួររំលឹកដែរថា ការបង្កើតនៅកម្មវិធីប្រណាំងទូក នៅតាមបណ្ដារាជធានី ខេត្ត ក្រុង នាឆ្នាំ ២០២ នេះ គឺធ្វើឡើងក្នុងសេចក្ដីប្រកាសព័ត៌មានមួយ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រីនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ​កម្ពុជា​ក៏​ធ្លាប់​ខកខាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​មួយ​នេះ​​រយៈ​ពេល ៣ឆ្នាំ​ជាប់ៗគ្នា កាល​ពី​ឆ្នាំ២០១១ ឆ្នាំ២០១២ និង​ឆ្នាំ២០១៣ ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ ដែល​បណ្ដាល​ឱ្យ​​​មនុស្ស​ជាង៣៥០នាក់​ស្លាប់ និង​​ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្ដម សីហនុ។ ក្នុង​ឆ្នាំ២០១៤ ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ២០១៥ ​ដោយសារ​កម្ពស់​ទឹក​ទន្លេ​រាក់​​ពេក​ ​មិន​អាច​អុំទូក​បាន។ កាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសផ្អាកពិធីបុណ្យអុំទូកអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីរូបរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដានជំងឺកូវីដ-១៩៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad