12/10/22 10:34 AM
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានមានប្រសាសន៍លើកឡើងថា គោលនយោបាយអាទិភាព៤ របស់គណបក្សប្រជាជនកម្ពុជា គឺមនុស្ស ផ្លូវ ទឹក និងភ្លើងអគ្គិសនី ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីបំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ ព្រមទាំងឈានទៅប្រកួតប្រជែងសមត្ថភាពធនធានមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។
ការមានប្រសាសន៍លើកឡើងដ៏មានសារៈសំខាន់នេះដែរគឺនៅក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់អគារ អន្តេវាសិកដ្ឋាន ទីចាត់ការ និងសមិទ្ធផលនានា នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ។
សម្ដេចមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានបន្តការខិតខំកសាងសាលារៀន ឱ្យបានទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបម្រើផលប្រយោជន៍សាធារណៈ។ សម្ដេចបានថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងសប្បុរសជនដែលរួមកម្លាំងសាមគ្គីគ្នាជាមួយប្រជាពលរដ្ឋ បរិច្ចាគធនធាន គាំទ្រដំណើរការកសាងសមិទ្ធផលនានាក្នុងមូលដ្ឋាននេះ។
លើសពីនេះសម្ដេចបានលើកឡើងអំពីចំណុចខ្សោយខ្លះៗរបស់គណបក្សប្រឆាំង ដោយមានប្រសាសន៍ថា ខ្មាំងសត្រូវនាពេលបច្ចុប្បន្នរបស់ជនរួមជាតិ យ៉ាងហោចណាស់មានបី គឺទី១. ភាពល្ងិតល្ងង់ ឬអវិជ្ជា, ទី២. ភាពក្រីក្រ និងទី៣ គឺខ្លួនឯង។ «ចង់ប្រឆាំងគេឈ្នះ ចង់វាយគេឱ្យឈ្នះ ត្រូវឈ្នះភាពឆេវឆាវ និងចិត្តអំណួតខ្លួនឯងសិន ចិត្តលោភលន់ មើលងាយមើលថោកអ្នកដទៃ នោះហើយជាខ្មាំងសត្រូវរបស់យើង»។
សូមជម្រាបផងដែរ ក្នុងន័យនេះមានន័យថា ដោយសារតែគណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះពីមួយជំហានទៅមួយជំហាន។ ហើយបន្ទាប់ពីបញ្ចប់សង្គ្រាមនៃរបបប្រល័យពូជសាសន៍ ហើយម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ទើបធ្វើឲ្យបច្ចុប្បន្នប្រទេសកម្ពុជាមានភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសគឺការរីកចំរើន ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ វត្តអារាម សាលារៀនជីវភាពប្រជាជនមានការល្អប្រសើរជាងមុនជាដើម៕ អត្ថបទ: ប្រសិទ្ធ