ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ


ត្រលប់ក្រោយ

13/10/22 08:36 AM

ចំនួនទស្សនា៖

218

ប្រភព៖

ក្រចេះ

ក្រចេះ៖ ព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ សាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត មេបញ្ជាការរង ស្នងការរងនគរបាលខេត្ត អភិបាលក្រុង/ស្រុកទាំង៦ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក/លោកស្រីប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត។


របៀបវារៈក្នុងកិច្ចប្រជុំរួមមានទី១.ពិនិត្យសេចក្តីព្រាងរបាយការណ៍ ទី២.ពិនិត្យលើការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ទី៣. ពិនិត្យលើការងារបង្ក្រាបបទល្មើសព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ និងទី៤. បញ្ហាផ្សេងៗ។


នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នេះឃើញថាអភិបាលស្រុក/ក្រុងទាំង៦ បានលើកយកពីបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងស្រុក/ក្រុងរបស់គាត់ ដើម្បីជម្រាបជូនថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តមអភិបាលខេត្ត ជាប្រធាន ឲ្យជួយរកវិធានការដោះស្រាយ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានប្រសាសន៍ថា ដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្តបទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តក្រចេះ និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត ជាពិសេសលើការងារ អភិវឌ្ឍន៍នៅតាមស្រុក/ក្រុង ការតុបតែងកែលម្អសោភ័ណភាព និងធ្វើអនាម័យតាមដងផ្លូវមាត់ទន្លេ ក្នុងក្រុងក្រចេះ ឲ្យបានស្អាតល្អមានរបៀបរៀបរយដើម្បីទទួលរៀបចំនូវពិធីបុណ្យអុំទូក(ង) ប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។


ដោយឡែកចំពោះផលប៉ះពាល់ដំណាំកសិកម្ម រួមមាន÷ ស្រូវស្រែ/ចម្ការ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នៅតាមបណ្ដាស្រុក/ក្រុង ឯកឧត្តម វ៉ា ថន បានបញ្ជាក់ទៅកាន់អភិបាលស្រុក/ក្រុងទាំង៦ សូមធ្វើការពន្លឿន ចុះតាមដានវាយតម្លៃ ផលខូចខាតស្រូវ រួមនឹងផលដំណាំផ្សេងៗទៀតដើម្បីធ្វើរបាយការណ៍ ឲ្យជាក់លាក់ជូនទៅថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបានឆាប់រហ័ស ដើម្បីទទួលបានពូជស្រូវ ឬក៏ពូជណាំផ្សេងៗ យកមកចែកជូនប្រជាកសិករឲ្យពួកគាត់បានបង្ករបង្កើនផល ស្រែ-ចម្ការឡើងវិញ ក្រោយពីជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញ ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង/ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយឡែកអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសព្រៃឈើជាដើម ដែលកើតមានពេលកន្លងមក សូមអាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវបន្ដខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងការពារ-ទប់ស្កាត់-បង្រ្កាបឲ្យមានប្រសិទ្ធភាព៕



dd
Bottom Ad