14/10/22 09:48 AM
(ស្វាយរៀង): ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ រួមនិងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ថ្នាក់ដឹកនាំប្រតិភូរាជដ្ឋាភិបាល មន្ត្រីរាជការស្រុក/ខេត្ត ជាច្រើនបានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារអតីតយុទ្ធជនចំនួន៤០០គ្រួសារ និងគ្រួសារជួបការលំបាកចំនួន១០០គ្រួសារ សរុបទាំងអស់៥០០គ្រួសារ ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ថ្លែងសុន្ទរកថាស្វាគមន៍ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ទជននិង យុវនីតិសម្បទា ដែលបានអញ្ជើញចុះសួសុខទុក្ខដល់គ្រួសារអតីតយុទ្ធជននៅទីនេះ។
ឯកឧត្តម ម៉ែន វិបុល បានបញ្ជាក់ថាកន្លងទៅនេះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនានា បានយកចិត្តទុកដាក់ចុះជួយដល់គ្រូសារអតីតយុទ្ធជនក្នុងភូមិជីកដីទាំង ៤០០គ្រួសារខ្នងផ្ទះនិងបង្កើតមុខរបរសកម្មភាពសេដ្ឋកិច្ចនៅទីនេះដោយផ្ទាល់តែម្ដងដែលអាចធ្វើឲ្យបងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសាររបស់ពួកគាត់មានឱកាសក្នុងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារតាមរយៈការបង្កើតសហគមន៍ដាំដំណាំបន្លែសេរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារ។
មានប្រសាសន៍សំណេះសំណាលជាមួយអតីតយុទ្ធជនឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជន បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់ក្រុមគ្រួសារអតីតយុវជនទាំងអស់នៅទីនោះក្នុងក្តីនឹករលឹក។
ឯកឧត្តម វង សូត បានផ្ដាំផ្ញើនឹងណែនាំទៅដល់មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បន្តសហការគ្នាដើម្បីរៀបចំផែនការជួយគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារលើការងារបណ្ដុះបណ្ដាលជំនាញផ្សេងៗដើម្បីរកប្រាក់ចំណូលក្នុងក្រុងគ្រួសារឲ្យមានជីវភាពល្អប្រសើរឡើងបន្ថែមទៀត។
ទន្ទឹមនេះឯកឧត្តម រដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកនិងមន្ទីរអង្គភាពនានាត្រូវឧស្សាហ៍ចុះជួបនិងក្តាប់បញ្ហា តម្រូវការផ្សេងៗ របស់បងប្អូនអតីតយុទ្ធជនដែលរស់នៅទីនេះព្រមទាំងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា។ ពិសេសត្រូវផ្ដល់សេវាសាធារណៈនានា ទាំងសេវាតម្រូវការ និងសេវាសំណូមពរការប្រើប្រាស់ ប័ណ្ណ បសស សម្រាប់ការទៅពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ និងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលផ្ដល់អត្ថប្រយោជន៍ទៅដល់អតីតយុទ្ធជន។
ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានចំណូមពរទៅដល់អតីតយុវជន និងក្រុមគ្រួសារដើម្បីមកស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងដីធ្លីនិងលំនៅឋានដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន និងធ្វើការចុះបញ្ជីដីធ្លីចេញជាវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ តាមគោលការណ៍ច្បាប់និងការថែរក្សាសម្បត្តិទាំងនេះឲ្យបានគង់វង្សយូរអង្វែង។
ជាមួយគ្នានេះក៍ត្រូវរស់នៅឲ្យមានអនាម័យ និងបរិស្ថានល្អ និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ និងការទទួលយកការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
ចំពោះអំណោយដែលផ្ដល់ជូនដល់គ្រួសារអតីតយុទ្ធជន និងគ្រួសារមានជីវភាពខ្វះខាតទាំង ៥០០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ ២០គីឡូក្រាម, មី១កេះ, ត្រី ខ១យួរ, ទឹក ត្រី១យូរ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូអនាម័យ រួមនិងថវិការ១០០,០០០រៀលផងដែរ៕ ដោយ:PK