14/10/22 12:23 PM
(ស្វាយរៀង): នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អាន់ឌ្រីយ៉ាស វីរ៉ាស (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប។
ហើយពិធីក៏មានការអញ្ជេីញចូលរួមពី ប្រតិភូអមដំណេីរឯកឧត្តមអភិបាលក្រុងឡាណាកា ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានសភាពាណិជ្ជកម្មកម្មខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ពន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះឯកឧត្ដម អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប បានថ្លែងនូវការអរគុណឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅក្នុងជំនួបនាថ្ងៃនេះ ដែលឯកឧត្ដម និងក្រុមការងារទទួលបាននូវធាតុចូលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍ ស្ថានភាពវិនិយោគ និងសក្ដានុពលសំខាន់ៗនានារបស់ខេត្ត ហើយឯកឧត្ដមនឹងនាំយកព័ត៌មានទាំងនេះជូនដល់អ្នកវិនិយោគដើម្បីសិក្សាពីឱកាសក្នុងការវិនិយោគនៅខេត្តស្វាយរៀង ។
មានប្រសាន៍ទៅកាន់ឯកឧត្តមអភិបាលក្រុងឡាណាកា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពទីតាំងភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត ។
ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង នាពេលកន្លងមកដោយ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការសម្រេចបាននូវភាពស៊ាំសហគមន៍គ្រប់ដណ្ដប់ពេញលេញនៅទូទាំងខេត្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងយ៉ាងហោច ៣ដូស ជូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ដូសទី៤ និងដូសទី៥បន្ថែមទៀត ស្របតាមការដឹកនាំ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ជាចុងបញ្ចប់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះឯកឧត្តមអភិបាលក្រុងឡាណាកា ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកទស្សនកិច្ចក្នុងខេត្តស្វាយរៀងដេីម្បីសិក្សាស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគ ក្នុងនាមរដ្ឋបាលសង្ឃឹមជឿជាក់ថាក្រុងឡាណាការនៃសាធារណៈរដ្ឋអេស៉ីបនិងក្លាយជាដៃគូដ៏ល្អមកបណ្តាក់ទុនវិយោគនៅលេីទឹកដីខេត្តស្វាយរៀងនាពេលខាងមុខ៕ ដោយ:PK