19/10/22 10:00 AM
ខេត្តកណ្តាល៖រសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ២០២២នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ឣភិបាល នៃគណ:ឣភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកណ្តាលអោយមានប្រសិទ្ធភាពខ្ពស់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានាក្នុងខេត្តកណ្តាល ពិសេសក្នុងពិធីអបអរសាទរ ការប្រណាំងទូកង ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដែលប្រព្រឹត្តទៅ នាថ្ងៃទី ២៩-៣០ ខែតុលា ខាងមុខនេះ ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត គឺដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដរបស់ខ្លួន និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត ជាពិសេសលើកិច្ចការតុបតែងលម្អសោភ័ណភាព និងអនាម័យតាមក្រុង ស្រុក ជាដើម ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដែលបានអនុវត្តការងារកន្លងមក និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ អោយបានកាន់តែល្អថែមទៀតប្រកបដោយការ ទទួលខុសត្រូវខ្ពស់៕