20/10/22 15:07 PM
ខេត្តកណ្ដាល៖ ម្ចាស់សំណង់មិនរៀបរយដែលសាងសង់លើប្រឡាយទឹក ក្នុងភូមិអំពិល និងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុងស្អាង ខេត្តកណ្ដាល ត្រូវសហការជាមួយអាជ្ញាធរស្រុក ឃុំ និងសូរិយោដីស្រុកស្អាង រុះរើសំណង់មិនរៀបរយដែលសាងសង់លើប្រឡាយទឹកឱ្យបានមុនថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះជាកំហិត។
ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានស្នើឱ្យម្ចាស់សំណង់មិនរៀបរយដែលសាងសង់លើប្រឡាយទឹក រុះរើសំណង់របស់ខ្លួនជាកំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអនុវត្តការរុះរើសំណង់មិនរៀបរយសាងសង់លើប្រឡាយទឹក នៅភូមិអំពិល និងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុងស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកស្អាង ដែលកិច្ចប្រជុំនេះដែរមានការចូលរួមដោយព្រះរាជអាជ្ញារងខេត្ត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរស្រុកស្អាង។
ឯកឧត្តមអភិបាលរងខេត្ត បន្តថា កន្លងមកអាជ្ញាធរខេត្ត ស្រុក ឃុំ បានចុះធ្វើការពិនិត្យជាក់ស្ដែងដល់ទីតាំង ឃើញថាម្ចាស់ទីតាំងខាងលើបានសាងសង់នៅប្រឡាយទឹក បង្កឱ្យមានការស្ទះចរន្តទឹក ធ្វើឱ្យលិចនូវផលដំណាំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ដោយពិនិត្យឃើញនូវស្ថានភាពជាក់ស្ដែង ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់ម្ចាស់ទីតាំងដែលបានសាងសង់សំណង់រំលោភលើប្រឡាយទឹក ត្រូវធ្វើការរុះរើស និងកាយចេញឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ប្រសិនបើមិនអនុវត្តតាមការស្នើសុំនេះ នោះអាជ្ញាធរខេត្ត ស្រុក នឹងធ្វើការចុះរុះរើដោយមិនទទួលខុសត្រូវក្នុងការខូចខាតឡើង ហើយក្នុងករណីដែលមានការហាមឃាត់ ឬរាំងស្ទះដល់ការអនុវត្តរបស់អាជ្ញាធរ នោះអ្នកដែលប្រព្រឹត្តប្រឈមនឹងការមានទោសទាន់ទៅតាមច្បាប់ផងដែរ។