24/10/22 08:18 AM
បន្ទាយមានជ័យ៖ មន្ត្រីជំនាញបសុព្យបាល អាជ្ញាធរដែនដីនិងកសិករថា អំឡុងពេលនិងក្រោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កន្លងមក សត្វគោក្របីមានស្ថានភាពសុខភាពល្អ គ្មានជំងឺឆ្លងទេ ដោយសារបានចាក់វ៉ាក់សាំងបង្កាការពារមុន។នេះបើតាមមន្ត្រីជំនាញក៏ដូចជាកសិករអោយដឹងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងនិងបានចុះតាមដានស្ថានភាពសុខភាពក៏ដូចជាជម្រុញផលិតកម្មសត្វនៅឃុំឈ្នួរមានជ័យនិងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។ក្នុងនោះ មានសត្វគោ ក្របី៣០០ក្បាល ចាក់នៅនឹងកន្លែង និងជាង៧០០ក្បាលទៀត ចាក់នៅតាមក្រោល រោងឬផ្ទះ ។
លោក ប៉ាង វណ្នាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យមាន បានបញ្ជាក់ថា៖ នៅក្នុងខេត្តវបន្ទាយានជ័យ សកម្មភាពចិញ្ចឹមសត្វគោ ក្របីបែបផលិតកម្មជាលក្ខណ:គ្រួសារ និងលក្ខណ:កសិដ្ឋានកាន់តែផុលផុសរីកចម្រើនកើនឡើង។ ក្នុងនោះ ក្រោមកិច្ចជ្រោមជ្រែងពីមន្ត្រីជំនាញផលិតកម្មនិងបសុព្យបាលខេត្ត ស្រុក-ក្រុងនិងភ្នាក់ងារពេទ្យសត្វភូមិ កសិករម្ចាស់សត្វកាន់តែយល់ដឹងក្នុងចិញ្ចឹមសត្វដែលបញ្ជៀសជំងឺនិងបង្កើនផលដើម្បីរកចំណូលក្នុងជីវភាព។
លោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យក៏បានលើកឡើងថា៖យោងទិន្ន័យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គឺមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះជម្រុញការងារផលិតកម្មសត្វគោ ក្របី ជ្រូក បក្សី គិតត្រឹម៩ខែឆ្នាំ២០២២ នេះ បានកើនឡើង១,៦% ក្នុងនោះ ការចិញ្ចឹមគោ ១១៦,៧៧៦ក្បាល, ក្របី១៣,៣៩៧ក្បាល,ជ្រូក ៤៤,១៥៤ក្បាល និងបក្សី១,៥១៩,៦៤៩ក្បាល ។គេអាចសន្និដ្ឋានថា ការចិញ្ចឹមគោនិងជ្រូកមានការកើនឡើង។ពិសេស ការចម្រុញការកែលម្អពូជគោក្នុងខេត្ត ៩ខែមកនេះ បាន៩៦ក្បាល ។ឯការចុះវ៉ាក់សាំងការពារជំងឺឆ្លង ក្នុងរយ:ពេលនេះដែរ គឺជំងឺសារទឹក សត្វបាន ៥៤,២៦១ក្បាល និង ក្របី១៣,៤៣៤ក្បាល ។វ៉ាក់សាំងអុតក្តាមគោបាន១៧,២០៧ក្បាល និងវ៉ាក់សាំងការពារដុំពកលើស្បែកគោបាន៥,៩៩៥ក្បាល វ៉ាក់សាំងការពារឆ្កែឆ្កួតបាន២៥០ក្បាល ។
លោក ឃ្លោក នួយ បានបន្តថា៖ ក្នុងនិងក្រោយពេលស្ថានភាពទឹកជំនន់ដែលបានលិចគ្រប់ស្រុក រដ្ឋបាលខេត្តនិងគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីជាប្រមុខបានយកចិត្តទុកដាក់ខ្លាំងលើសុវត្ថិភាព សុខភាពនិងជីវភាពពលរដ្ឋ ។ចំពោះនៅ៥ស្រុក មានព្រះនេត្រព្រះ, មង្គលបូរី, អូរជ្រៅ, ភ្នំស្រុកនិងក្រុងសិរីសោភ័ណ ដែលបានបង្កប៉ះពាល់ដល់ទីជម្រកសត្វនិងចំណីសត្វនោះ កសិករម្ចាស់សត្វ និងមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាល ភ្នាក់ងារពេទ្យសត្វភូមិនិងអាជ្ញាធរបានយកចិត្តទុកដាក់ខ្លាំងលើសុខភាពនិងផលិតកម្មសត្វ។ ហើយបានសម្រុកចាក់វ៉ាក់សាំងការពារជាមុន ទើបធានាបានថា សុខភាពល្អនិងគ្មានជំងឺឆ្លងសម្រាប់សត្វគោ ក្របី ក្នុងអំឡុងមុន ពេលកំពុងនិងក្រោយទឹកជំនន់កន្លងមកនេះ ។
នាឱកាសនោះឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មានប្រសាសន៍ កោតសេសើរដល់អាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តនិងកសិករដែលបានយកចិត្តទុកដាក់តាមដានសុខភាពសត្វនិងបន្តជម្រុញផលិតកម្មសត្វ ទោះក្នុងអំឡុងរងគ្រោះនិងក្រោយពេលទឹកជំនន់។ជាពិសេស ក្រោមការផ្តល់ការចាក់វ៉ាក់សាំងស្រោចសត្វគោ ក្របី ដែលផ្តល់ពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងរបស់មន្ទីរ បានធ្វើអោយសុខភាពសត្វល្អ ហើយបញ្ជៀសបានជំងឺឆ្លង។
ឯកឧត្តតាន់ ផាន់ណារ៉ា បានជំរុញការងារនេះបន្តហើយក៏គាំទ្រដល់ការបង្កើនការដាំដុះស្មៅចំណីសត្វដើម្បីធានាឲ្យសត្វមានអាហារបម្រុងគ្រប់គ្រាន់គ្រប់កាល:ទេស: ។