24/10/22 08:28 AM
កំពង់ចាម៖ ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ វិទ្យាល័យចំនួនបី នៅស្រុកកងមាស ត្រូវបានរៀបចំឡើងក្នុងគោលបំណងសាកសួរសុខទុកនឹងស្វែងយល់ពីចំណាប់អារម្មណ៍របស់សិស្សានុសិស្សថ្នាក់ទី១២ ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និង ឯកឧត្ដម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមអភិបាលរងខេត្តព្រមទាំង ឯកឧត្ដមលោកជំទាវអស់លោកលោកស្រីមកពីអង្គភាពពាក់ព័ន្ធនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនចូលរួមផងដែរ។
ឱកាសសំណេះសំណាលនៅតាមវិទ្យាល័យទាំងបីនេះ ក្នុងនាមតំណាងឯកឧត្ដមរដ្ឋមន្ត្រី លោកជំទាវរដ្ឋលេខាធិការ បានចែកជូនសៀវភៅមេរៀនសង្ខេប សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្សថ្នាក់ទី១២ និងបានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវចេះសង្ខេបរំលឹកមេរៀនឲ្យបានល្អនិង ថែរក្សាសុខភាពដើម្បីត្រៀមប្រឡង ឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ទាប់មកលោកជំទាវក៏បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្រជូនសិស្សអង្គការ RoomtoRead ចំនួន១៥នាក់ ដែលបានបញ្ចប់វគ្គសិក្សានៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ។
ចំណែកឯកឧត្ដមអ៊ុមរម្យណី ក៏បានត្រៀមរៀបចំក្រុមការងារសម្រាប់ការបង្រៀនបំប៉នបន្ថែមលើមុខវិជ្ជាសំខាន់ៗមួយចំនួនដែលទាក់ទងការប្រឡងសញ្ញាបត្រនាពេលខាងមុខនេះផងដែរ៕