កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមប្រកាសបើកជាផ្លូវការ អំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម


ត្រលប់ក្រោយ

25/10/22 16:01 PM

ចំនួនទស្សនា៖

279

ប្រភព៖

បរទេស

(រដ្ឋធានីអាប៊ុយដាប៊ី, អេមីរ៉ាតអារ៉ាប់រួម)៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបើកការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement ហៅកាត់ Cambodia-UAE CEPA) និងមានវត្តមានចូលរួមពីក្រុមការងារចរចាជាតំណាងអន្តរក្រសួង សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃភាគីទាំងពីរ សរុបប្រមាណ ១០០រូប។


ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនអំពីខ្លឹមសារសំខាន់ៗ និងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមជូនដល់សាធារណៈជន អ្នកសារព័ត៌មាន វិនិយោគិន និងធុរជនរបស់ប្រទេសទាំងពីរ ដើម្បីអាចទាញប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងនេះ នាពេលខាងមុខ។ តាមការបញ្ជាក់ កិច្ចព្រមព្រៀងនេះមានបញ្ចូលការចរចាលើការធ្វើសេរីភាវហូបនីយកម្មទំនិញ សេវាកម្ម ការជំរុញការវិនិយោគ និងការចរចាលើបញ្ញត្តិសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម ជាដើម។-ល-។


ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា “Cambodia-UAE CEPA” មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន។ តំបន់ទាំងពីរ នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងចំណោមតំបន់ ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោក ដូចនេះមានកាលានុវត្តភាពជាច្រើនដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច។ អេមីរ៉ាតអារ៉ាប់រួមអាចជាមូលដ្ឋានរបស់កម្ពុជាសម្រាប់ការផ្តត់ផ្គង់ទៅទីផ្សារអារ៉ាប់ ហើយដូចគ្នាដែរ កម្ពុជាអាចជាមូលដ្ឋានរបស់អេមីរ៉ាតអារ៉ាប់រួម សម្រាប់តំបន់អាស៊ានទាំងមូល។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អាល់ ហ្សេយូឌី ក៏បានលើកឡើងដែរថា ការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំជាមួយដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ អេមីរ៉ាតអារ៉ាប់រួម បាននឹងកំពុងតាក់តែងទស្សនវិស័យសេដ្ឋកិច្ចសម្រាប់រយៈពេលវែង និងកសាងនូវមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវកំណើន កាលានុវត្តភាព និងភាពជោគជ័យបន្ថែមទៀត។ របៀបវារៈនៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ គឺពិតជាមានសារៈសំខាន់សម្រាប់គោលបំណងទាំងនេះ ហើយយើងសូមស្វាគមន៍នូវកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿនចរាចរណ៍នៃទំនិញ ធានាខ្សែច្រវាក់ផ្គត់ផ្គង់ និងស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។


តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដំណើរការចរចាជុំទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ ដែលភាគីកម្ពុជានឹងត្រូវដឹកនាំដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីអេមីរ៉ាតអារ៉ាប់រួមនឹងត្រូវដឹកនាំដោយ ឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ៕



dd
Bottom Ad