27/10/22 10:48 AM
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខា មន្រ្តីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ១គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះស្ទើរទាំងស្រុង ស្ថិតនៅក្នុង ភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ លោកជំទាវ ប្រាក់ ច័ន្ទសុខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះលោកជំទាវ ក៏សូមអំពាវនាវដល់គ្រួសាររងគ្រោះសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
សម្ភារៈសាខាផ្ដល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យរួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ជែល ១ដប ម៉ាស់ ១កញ្ចប់ តង់១ សម្ភារៈផ្ទះបាយ១ឈុត ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១០ម៉ឺនរៀល៕