27/10/22 11:23 AM
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្ដម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ តំណាង ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីជា តំណាងមន្ទីរ អង្គភាព ពាក់ព័ន្ធ បានអញ្ជើញចែកពូជស្រូវ ដល់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ចំនួន ៣ឃុំ ស្មើនឹង ៧៥គ្រួសារ នៅក្នុងស្រុកចំការលើ ដើម្បី យកទៅធ្វើការដាំដុះស្ដារឡើងវិញ ។
ឯកឧត្ដម ខ្លូត ចិន្ដា អភិបាលរង ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា នាបច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម មានប្រជាពលរដ្ឋ ចំនួន ១០.១៦៧គ្រួសារ បានទទួលរងផលប៉ះពាល់ដំណាំស្រូវ ដោយសារបញ្ហា ៣ប្រភេទ គឺ ៖ ១.ជំនន់ទឹកទន្លេមេគង្គ ២.ជំនន់បឹងទន្លេសាប និង៣.ជំនន់ទឹកភ្លៀង ។ ដោយឡែក ក្នុងចំណោម ឃុំទាំងអស់ នៃស្រុកចំការលើ គឺមានឃុំចំនួន ៣ ប៉ុណ្ណោះ ទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង គឺ ៖ ឃុំស្វាយទាប ជយោ និងឃុំស្ពឺ ដោយមានផ្ទៃដីសរុប ចំនួន ៤៤,៣៥ហ.ត ស្មើនឹងប្រជាពលរដ្ឋ ចំនួន ៧៤គ្រួសារ ។ យកឱកាសនោះដែរ ឯកឧត្ដមអភិបាលរង ខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បាននាំនូវពូជស្រូវ សម្រាប់ចែកជូនប្រជាពលរដ្ឋ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទឹកភ្លៀង បានទាន់ពេលវេលា ។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ប្រជាពលរដ្ឋទាំងអស់ ។ ឯកឧត្ដម បានបញ្ជាក់ថា បន្ទាប់ពីទទួលបានស្រូវពូជនេះហើយ សូមបងប្អូនត្រៀមលក្ខណៈដាំដុះឲ្យទាន់ពេលវេលា ពោលគឺ នៅពេលដែលទឹកស្រកទៅ ត្រូវដំណើរការពង្រោះភ្លាម ។
ឯកឧត្ដម លើកឡើងថា កន្លងទៅ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តែងតែណែនាំ ដល់មន្ត្រី នៃមន្ទីរកសិកម្មខេត្ត សូមឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយប្រជាកសិករ ដើម្បី ស្គាល់សុខទុក្ខជាមួយគ្នា ពីព្រោះថា មានតែប្រជាពលរដ្ឋនេះហើយ ជាអ្នកកំណត់បាន នូវជោគវាសនាប្រទេសជាតិ ក៏ដូចជាអ្នកជម្រុញចលករ កម្លាំងសេដ្ឋកិច្ច ឲ្យមានដំណើរការទៅមុខ ។ អីចឹងទេ សូមឲ្យបងប្អូនប្រជាកសិករ ទាក់ទងទៅអាជ្ញាឃុំបន្ទាន់ ប្រសិនបើមានបញ្ហា លើការងារបង្កបង្កើនផល ដូចជា ៖ ស្រូវខូច សត្វល្អិតបំផ្លាញ ក្រកាច់ ...ជាដើម ដើម្បី ឲ្យជំនាញកសិកម្មយើង បានចុះជួយអន្តរាគមន៍ និងដោះស្រាយ ជូនបងប្អូន បានទាន់ពេលវេលា ៕