សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង


ត្រលប់ក្រោយ

28/10/22 11:17 AM

ចំនួនទស្សនា៖

284

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង។


លោក ឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ បានឱ្យដឹងថា សាលានគរបាលជាតិភូមិភាគ៥ បានបណ្ដុះបណ្ដាលកម្លាំងនគរបាលកន្លងមកសរុបចំនួន ៧.៧២២នាក់ ក្នុងនោះនារី ៨៨នាក់ និងឆ្នាំ២០២២នេះ បានបន្តបណ្ដុះបណ្ដាលសិស្សនគរបាលចំនួន២វគ្គ មួយវគ្គបានរៀបចំពិធីបិទនៅថ្ងៃនេះ និងមួយវគ្គទៀតកំពុងដំណើរការក្នុងជំនាន់ទី១៦ សម្រាប់សិស្សដែលប្រឡងជាប់ក្របខណ្ឌឆ្នាំ២០២០ និងឆ្នាំ២០២១ ចំនួន១៩០នាក់ នារី ៣៤នាក់។


លោកឧត្តមសេនីយ៍ទោបន្តថា ពិធីបិទវគ្គនាឱកាសនេះ មានសិស្សនគរបាលជ័យលាភីមកពីបីសាលានគរបាលជាតិភូមិភាគ សរុបចំនួន៣៩៥នាក់ នារី៤៤នាក់ ក្នុងនោះសិស្សនគរបាលជ័យលាភីនៃសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៣៣នាក់ នារី១៦នាក់ មកខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ សិស្សសាលានគរបាលជាតិភូមិភាគ៥ ចំនួន១៣៣នាក់ នារី១១នាក់ មកពីខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងសាលានគរបាលជាតិភូមិភាគ៦ ចំនួន១២៩នាក់ នារី១៧នាក់ មកពីភ្នំពេញ បាត់ដំបង និងបន្ទាយមានជ័យ។


លោកបន្តថា វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ បានតម្រូវឱ្យសិស្សនគរបាលសិក្សាចំនួន ២១មុខវិជ្ជា ផ្ដោតលើចំណេះដឹង និងជំនាញវិជ្ជាជីវៈនគរបាលជាមូលដ្ឋាន យុទ្ធវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងកាយសម្បទា និងរបៀបរបបបំពេញការងាររបស់កងកម្លាំង ដោយមានការសិក្សាក្នុងថ្នាក់ ការសិក្សាក្រៅថ្នាក់ ការចុះកម្មសិក្សា ព្រមទាំងបានបញ្ចូលមេរៀន ទ្រឹស្ដី និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។


អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាក់ចេញកម្មវីធីកំណែទម្រង់ច្បាស់លាស់លើកងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅសំខាន់ៗ៣ ក្នុងនោះទីមួយ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ និងមុខវិជ្ជាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាប្រសិទ្ធភាពបំពេញតួនាទី និងភារកិច្ចរបស់នគរបាលជាតិនៃអង្គភាពនីមួយៗ។


ក្នុងន័យនេះ សម្ដេចបានសង្កត់ថា ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស អាកប្បកិរិយាល្អក្នុងការរួមចំណែករក្សាបានរឹងមាំនូវឃឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការវិវត្តន៍សេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លើយតបតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍនធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។


នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ដោយគូសបញ្ជាក់ថា «មកដល់ឥលូវនេះ យើងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត។ អ៊ីចឹងខ្ញុំស្នើ ហើយក្រសួងបានណែនាំហើយថា មិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។ អ្នកទទួលបន្ទុកសម្ភាសន៍នោះ គឺមេឃុំ សង្កាត់ និងមេប៉ុស្តិ៍ប៉ូលិសជាអ្នកសម្ភាសន៍ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រសួងបានដាក់ឱ្យ ហើយសម្ភាសន៍កូនចៅរបស់ប្រជាពលរដ្ឋនៅឃុំសង្កាត់ហ្នុងតែម្ដង» ។


សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ហើយនោះ គឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិសេសពិនិត្យទឹកនោមរកសារធាតុញៀន។ សម្ដេចក៏បានសង្កត់ធ្ងន់ដែរថា បន្ទាប់ពីបានជាប់ជានគរបាលជាតិហើយនោះ ការផ្ទេរចេញរបស់មន្រ្តីនគរបាលនោះ គឺត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សម្ដេចបន្ថែមថា «បើគាត់ជាអ្នកនៅមូលដ្ឋាននោះ គឺឪពុកម្ដាយគាត់ ក្រុមគ្រួសារគាត់នៅទីនោះស្រាប់ ក្ដាប់បានភូមិសាស្រ្ត ចិត្តសាស្រ្តប្រជាពលរដ្ឋក្នុងឃុំនោះស្រាប់» ។


ភ្ជាប់នឹងប្រធានបទនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីសារៈសំខាន់នៃយន្តការ ៥ នៅមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន អ្នកដឹកនាំភូមិ និងប៉ុស្តិ៍សុខភាព។ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានពង្រឹង និងលើកទឹកចិត្តយន្តការទាំង ៥ នេះ ធ្វើការប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព ប្រជាជនស្រលាញ់រាប់អាន និងជឿជាក់។ សម្ដេចថា ប្រសិនបើគ្រប់មូលដ្ឋានឃុំ សង្កាត់ មានយន្តការទាំង ៥ នេះល្អ គឺមានន័យថា ទូទាំងប្រទេសក៏នឹងមានភាពប្រសើរឡើងដែរ។


ក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តមានប្រសាសន៍អំពីប្រធានបទពាក់ព័ន្ធនឹងគ្រឿងញៀន ការជួញដូរមនុស្ស ការលេងល្បែងស៊ីសង ពិសេសល្បែងអនឡាញ លំហូរចូលជនបរទេសមកធ្វើការងារដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ពាក់ព័នឹងជនបរទេស ឬហត្ថពលកម្មដែលចូលមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ សម្ដេចបានមានប្រសាន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ នឹងសិក្សាបង្កើនប្រាក់ផាកពិន័យទាំងបុគ្គល និងក្រុមហ៊ុនដែលទទួលជនទាំងនោះមកធ្វើការ ប្រសិនបើរកឃើញពាក់ព័ន្ធនឹងបទល្មើសនេះ ៕




dd
Bottom Ad