31/10/22 10:18 AM
បន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការនគរនបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកទាំង០៤ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា ខេត្តបន្ទាយមានជ័យមានខ្សែបន្ទាត់ព្រំដែនជាប់នឹងប្រទេសថៃប្រវែង១៥៣គ.ម ព្រំប្រទល់ខាងជើងជាប់ខេត្តឧត្តរមានជ័យ ខាងត្បូងជាប់ខេត្តបាត់ដំបង ខាងកើតជាប់និងខេត្តសៀមរាប ខាងលិចជាប់និងប្រទេសថៃ មានស្រុកចំនួន០៤ ក្រុង០១ជាប់និងប្រទេសថៃ។ មានច្រកទ្វារអន្តរជាតិ០១ គឺច្រកប៉ោយប៉ែត និងច្រកទ្វារតំបន់០២ គឺច្រកម៉ាឡៃនិងច្រកតំបន់បឹងត្រកួន ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ទោះបីក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏មិនអាចបង្កនូវវិទ្ធង្សនាដល់កិច្ចប្រតិបត្តិការណ៍នោះឡើយ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ខិតខំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាត់តាំង និងជំរុញដល់ការងារជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រក្រតី សំដៅធានាទាំងការផ្តល់សេវាសាធារណៈ និងសន្តិសុខ សុវត្ថិភាពសង្គម ដោយសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីបិទសវនាកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងឆ្នាំពាក់ព័ន្ធ ស្របតាមផែនការសកម្មភាពរបស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក្រោយពីធ្វើកិច្ចសវនកម្មអស់រយៈពេល០៦ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមក រកឃើញមាន០៣ចំណុចដែលខ្វះខាត ១/-ការងារគ្រប់គ្រងធនធានមនុស្ស អនុវត្តមិនទាន់បានពេញលេញតាមនិតិវិធីរដ្ឋបាលនៅឡើយ។ ចំពោះប្រព័ន្ធលើកទឹកចិត្តមានភាពប្រសើរ។ ២/-ការងារគ្រប់គ្រងហិរញ្ញវត្ថុ ខ្វះខាតតិចតួចក្នុងការរៀបចំសៀវភៅបញ្ជីចំណូល ចំណាយថវិកាភូមិឃុំ សង្កាត់មានសុវត្ថិភាព តែការគ្រប់គ្រងបើកផ្តល់ប្រេងឥន្ទនៈ និងទូទាត់តាមសញ្ញាចំណាយផ្សេងៗបានត្រឹមត្រូវតាមនីតិវីធី។ ៣/-ការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ(ចលនអចលនភាពវត្ថុ) មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។
ក្នុងពិធីបិទសវនកម្មនោះដែរ លោកឧត្តមសេនីយ៍ឯក សុក សារ៉េត ក៏បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការទទួលបានលទ្ធផលល្អគួរឲ្យមានមោទនភាព និងថ្លែងអំណរគុណដល់លោកស្នងការ ស្នងការរងទទួលការងារទាំង១៣ផែន លោកអធិការនគរបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារទាំង០៤ ដែលបានសហការជាមួយក្រុមការងារសវនកម្មរហូតដល់បានលទ្ធផលគួរជាទីគាប់ចិត្ត។ មួយវិញទៀត រាល់កំហុសឆ្គងដែលក្រុមការងារឃើញនោះ គឺដើម្បីជាការកែលម្អ សម្រាប់ទៅឆ្នាំក្រោយទៀតឲ្យកាន់តែមានភាពល្អប្រសើរ នៃការចងក្រងឯកសារដែលពាក់ព័ន្ធ៕ NR301022