រដ្ឋបាលខេត្តកណ្ដាលផ្ដល់ពូជស្រូវដល់ប្រជាកសិករជាង ៧០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ខណៈកំពុងបន្តស្រង់ស្ថិតិប្រជាពលរដ្ឋដែលងាយរងហានិភ័យពិតប្រាកដ


ត្រលប់ក្រោយ

02/11/22 12:34 PM

ចំនួនទស្សនា៖

229

ប្រភព៖

កណ្តាល

កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្អាង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ បានផ្ដល់ជូនពូជស្រូវចំនួន ១៦៥តោន និង៥០០គីឡូក្រាម ដល់ប្រជាកសិករ ចំនួន ៧២១គ្រួសារ ក្នុងស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៅបរិវេណវត្តសាលាអណ្ដែត ហៅវត្តអណ្ដូង។


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ឆ្នាំនេះខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្តនានា បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ។ ក្នុងនោះក្រុមការងារក្រសួងកសិកម្ម បានសហការជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះពិនិត្យ តាមដាន វាយតម្លៃ លើការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយគិតត្រឹមថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២ មានស្រុកចំនួន០៤ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ស្រុកចំនួន៤នោះរួមមាន៖ ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ និងស្រុកស្អាង បានប៉ះពាល់សរុបភូមិចំនួន ៩៣ ស្មើនឹង ១៩ឃុំ ក្នុងនោះគ្រួសារទទួលរងផលប៉ះពាល់សរុបចំនួន ១,៦៥៥ គ្រួសារ ផ្ទៃដីប៉ះពាល់សរុប ចំនួន ១,៣១៩ ហិកតា ផ្ទៃដីខូចខាតអាចមានលទ្ធភាពស្តារឡើងវិញសរុបចំនួន ៩៣៦ហិកតា។


ឯកឧត្តមបន្តទៀតថា ក្នុងនោះស្រុកស្អាង និងស្រុកណ្តាលស្ទឹង ចំនួន ៧២១គ្រួសារ លើផ្ទៃដីខូចខាតដែលអាចស្តារបានវិញ ចំនួន ៤៣១ហិកតា ត្រូវការគ្រាប់ស្រូវពូជ ចំនួន ៧២,១០០គីឡូក្រាម ដែលក្នុងមួយគ្រួសារៗ ទទួលបានគ្រាប់ស្រូវពូជ ចំនួន ១០០គីឡូក្រាម និងអំណោយបន្ថែមលើពូជស្រូវរួមមាន៖ ត្រីខ ១យួរ មី ១កេសតូច និងទឹកត្រី ១យួរ។


បន្ទាប់ពីបានផ្តល់ពូជស្រូវដើម្បីស្ដារនូវការខួចខាតរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្តាឡើងវិញក្រោយពេលទឹកស្រក់ រដ្ឋបាលខេត្តកណ្ដាលបន្តស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានរងហានិភ័យពិតប្រាកដ តាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសង្គ្រោះពលរដ្ឋដែលរងដោយផលប៉ះពាល់នាពេលខាងមុខទៀត។


ឯកឧត្ដមអភិបាលខេត្តបញ្ចាក់ថា៖ គ្រួសាររងហានិភ័យ សំដៅលើគ្រួសារដែល រស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងមានភាព ងាយរងគ្រោះមួយយ៉ាងតិចក្នុងចំណោមប្រាំ មាន ដូចខាងក្រោម៖

១.គ្រួសារដែលមានសមាជិកពិការភាព

២.គ្រួសារដែលមានមនុស្សចាស់ជរា

៣.គ្រួសារដែលមានកុមារតូច

៤.គ្រួសារដែលមានសមាជិកកុមារទាំងអស់

៥.គ្រួសារដែលមានមេគ្រួសារជាស្ត្រី


សូមជម្រាបថា ការស្រង់បញ្ជី និងសម្ភាសន៍ គឺជាគោលដៅយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដើម្បីសង្គមអភិវឌ្ឍ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។ រដ្ឋបាលខេត្តកណ្ដាលកំពុងតែបន្តស្រង់ស្ថិតិសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក្រុង-ស្រុក ទាំង ១១ របស់ខ្លួនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad