ផ្លូវលំ៣ខ្សែប្រវែង៣,៤៥០ម៉ែត្រ ក្នុងសង្កាត់បាវិត ត្រូវបានជួសជុលនិងពង្រីកក្រាលថ្មមុិចឡើងវិញដើម្បីងាយស្រួលធ្វើដំណើរ


ត្រលប់ក្រោយ

03/11/22 08:22 AM

ចំនួនទស្សនា៖

245

ប្រភព៖

ស្វាយរៀង


(ខេត្តស្វាយរៀង)៖ ផ្លូវលំ៣ខ្សែប្រវែង៣,៤៥០ម៉ែត្រក្នុងសង្កាត់បាវិត ត្រូវបានជួសជុលនិងពង្រីកក្រាលថ្មមុិចឡើងវិញដើម្បីសម្រួលនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរក៏ដូចជាការស្នើសុំរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជារដ្ឋបាលសង្កាត់បាវិត ក៏បានធ្វើការជួសជុលនិងពង្រីកក្រាលថ្មមុិចឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរ។


លោក សាញ់ សាខុន ចៅសង្កាត់បាវិត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានមានប្រសាសន៍ឲ្យដឹងថាៈ ដោយមានការយកចិត្តទុកដាក់ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសំណូមពរ

របស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរក៏ដូចជាការស្នើសុំរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះរដ្ឋបាលក្រុងបាវិត ក៏ដូចជារដ្ឋបាលសង្កាត់បាវិត បានធ្វើការជួសជុលនិងពង្រីកក្រាលថ្មមុិចឡើងវិញដើម្បីងាយស្រួលធ្វើដំណើរផ្លូវលំចំនួន៣ខ្សែប្រវែង៣.៤៥០ម៉ែត្រទទឹង៧ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិ គឺភូមិតាពៅ១ខ្សែ, និងភូមិបាវិតកណ្តាល ចំនួន២ខ្សែ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។


លោកចៅសង្កាត់បាវិតបានឲ្យដឹងទៀតថាៈចំពោះថវិកាក្នុងការជួសជុលនេះ ជាថវិការបស់សប្បុរសនានាទាំងទីជិត ទីឆ្ងាយចូលទៅតាមលទ្ធភាពអ្នកខ្លះ១ឡាន.ខ្លះ២ឡាន.៣ឡាន ដោយមានការអំពាវនាវពីសំណាក់លោកអភិបាលក្រុង នាពេលកន្លងមក ពីព្រោះថាផ្លូវទាំង៣ខ្សែនេះមានសភាពតូចចង្អៀតនិងខូចខាតច្រើនហើយនៅរដូវវស្សា ស្ថានភាពផ្លូវគឺមានទឹកដក់និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ ជាពិសេសគឺនៅពេលបងប្អូនប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារតែងតែជួបការលំបាកក្នុងការធ្វើដំណើរ។


លោកចៅសង្កាត់មានប្រសាសន៍បន្ថែមថា សម្រាប់ការពង្រីក និងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវទាំង៣ខ្សែនេះឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។ ហើយនៅពេលផ្លូវនេះបានជួសជុលរួចហើយនោះសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុងឬជនបទនោះឡើយ។ ម៉្យាងទៀតក៏សូមសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។


ដោយឡែកប្រជាពលរដ្ឋក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ដែលបានធ្វើការកែលម្អក៏ដូចជាជួសជុលផ្លូវទាំងអស់នៅមូលដ្ឋានឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើរដោយមិនព្រងើយ កន្តើយទុកឲ្យប្រជាពលរដ្ឋជួបការលំបាកនោះឡើយសំខាន់គឺបញ្ហាប្រឈម និងទុក្ខលំបាករបស់ប្រជាជននៅមូលដ្ឋាន៕

ដោយ:PK



dd
Bottom Ad