03/11/22 15:13 PM
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងបាទមានប្រសាសន៍លើកឡើងថា បើទោះបីកម្ពុជាទទួលរងឥទ្ធិពលជាអវិជ្ជមានដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាបានបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ស្ថានភាពនេះក៏អាស្រ័យដោយកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានអំពើហិង្សា ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីពេលថ្មីនេះ និងបានអនុវត្តជោគជ័យនយោបាយចាក់វ៉ាក់សាំងដែលបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមអាចដំណើរការឡើងវិញ។
ការមានប្រសាសន៍លើកឡើងបែបនេះរបស់សម្ដេចធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ១ខ្នង ២ជាន់ ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកម្ពុជាស្ថិតក្នុងចំណោមរដ្ឋដែលរក្សាបាននូវសុខសន្តិភាព និងគ្មានអំពើភេវរកម្ម។ រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការ កំពុងយកចិត្តទុកដាក់លើការងារបង្ក្រាបគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង និងបទល្មើសឧក្រឹដ្ឋកម្មអន្តរជាតិ ដូចជាអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម បទល្មើសលាងសម្អាតប្រាក់ និងបទល្មើសតាមប្រព័ន្ធអ៊ីនធើណែតជាដើម។
សម្ដេចក្រឡាហើយឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាសប្តាហ៍ក្រោយនេះ ដោយមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន រួមទាំងមេដឹកនាំប្រទេសដៃគូ ដូចជាប្រធានាធីបតីអាមេរិក នាយករដ្ឋមន្រ្តីចិន ជប៉ុន កូរ៉េ រុស្ស៊ី និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងវត្តមានអគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំប្រទេសតំបន់អឺរ៉ុប។ សម្ដេច សង្កត់ធ្ងន់ថាបើប្រទេសកម្ពុជាគ្មានសន្តិសុខសុវត្ថិភាពទេ បណ្ដាមេដឹកនាំទាំងនោះនឹងមិនមានវត្តមានចូលរួមកិច្ចប្រជុំនេះឡើយ។
គួរជម្រាបផងដែរថា សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ទៀតថា បើគ្មានសុខសន្តិភាព គ្មានស្ថិរភាពនយោបាយនោះទេ យើងគ្មានឱកាសក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ វត្តអារាម សាលារៀននិងសមិទ្ធផលផ្សេងៗនោះទេ។ ដើម្បីជាមូលដ្ឋដល់ក្មេងជំនាន់ក្រោយនោះទេ។ ឧទាហរណ៍ដូចជា សមិទ្ធផលអគារសិក្សាសម្ពោធនាថ្ងៃនេះមានទទឹង៩ម៉ែត្រ បណ្ដោយ៥៤ម៉ែត្រ កម្ពស់១១ម៉ត្រកន្លះ ធ្វើពីបេតុងប្រក់ក្បឿង បំពាក់ពិដានម្នាងសិលា មានសំយាបព័ទ្ធជុំវិញ មានទ្វារ និងបង្អួចកញ្ចក់ចំរឹងដែក ព្រមទាំងបំពាក់តុនិងកៅអីគ្រូនិងសិស្ស ព្រមទាំងក្ដាខៀន ដោយចំណាយថវិកាសរុបជាង ១៦ម៉ឺនដុល្លារ ជាប្រភពថវិការបស់ក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។ ដោយសារវិស័យអប់រំជាវិស័យស្នូលសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងបរិបទដែលមានការប្រកួតប្រជែងកាន់តែខ្លាំងលើផ្នែកចំណេះដឹងទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ៕អត្ថបទ: ប្រសិទ្ធ