04/11/22 07:20 AM
(ស្វាយរៀង): នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ ខេត្ត ស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានអញ្ជើញជាវគ្មិន ក្នុងកម្មវិធីស្វែងយល់ការពិតក្រោមប្រធានបទ"មរតកសង្រ្គាម" នៅសាកលវិទ្យាល័យស្វាយរៀ ដែលក្មុងកម្មវិធីនេះមានការចូលរួមពីឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ឯកឧត្តម ដៀប សុផល អ្នកជំនាញខាងប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម គាំ រីបូន ប្រធានខុទ្ធកាល័យអាជ្ញាធរមីន ឯកឧត្តម ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន និងព្រះសង្ឃ កងកម្លាំងទាំង៣ បងប្អូនសិស្សនិស្សិតជាង៣០០នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើង អំពី កិច្ច ខិតខំ ប្រឹងប្រែង របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ ដោះស្រាយ បញ្ហា មីន ចាប់តាំងពីថ្ងៃរំដោះ ឆ្នាំ១៩៧៩ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេស សម្ដេចតេជោ បានចាត់ទុកការងារ បោសសម្អាត មីន ជាធាតុមួយយ៉ាងសំខាន់ក្នុង កិច្ច គាំពារ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនដែលជាការបង្កើតឡើងស្របតាមការអំពាវនាវ និងចលនាជាតិរបស់សម្តេចនាយករដ្ឋមន្ត្រីដើម្បីពន្លឿនការងារបោសសម្អាត មីន ឲ្យអស់ត្រឹម ឆ្នាំ២០២៥ ជាពិសេស ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាជនកម្ពុជាក្រោយ សង្គ្រាម ។
គម្រោង សម្តេចតេជោ បាននឹងកំពុងអនុវត្តដំណាក់កាល ទី១ លើខេត្តចំនួន០៦ និងឃុំចំនួន០៧ ក្នុងទំហំផ្ទៃដី ប្រមាណ៤២ គីឡូម៉ែត្រក្រឡា រួមមាន ÷ ខេត្ត ត្បូង ឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និង ស្វាយរៀងគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ ២០២៣។
ដោយ ឡែក ដំណាក់កាល ទី២ គ្រោងនឹងចាប់ផ្ដើមពីខែធ្នូ ឆ្នាំ ២០២២ បោសសម្អាតក្នុងទំហំផ្ទៃដីជាង ៧៤ គីឡូម៉ែត្រក្រឡា ក្នុងខេត្តក្រចេះ កំពង់ស្ពឺ និងស្រុក ចំនួន ០៥ ក្នុងខេត្ត សៀមរាប និងខេត្តកំពង់ធំ។
សរុបទាំងពីរដំណាក់កាលផ្ទៃដីមាន មីន ១១៦.៥ គីឡូម៉ែត្រ ក្រឡានឹងត្រូវបោសសម្អាត ហើយខេត្តចំនួន ៨ នឹងស្រុកចំនួន០៥ នឹងត្រូវប្រកាសអស់ មីន ៕ ដោយ:PK