នគរបាលជំនាញខេត្តបន្ទាយមានជ័យ កំពុងសម្រុកធ្វើជូនថ្មីឲ្យទាន់បោះឆ្នោត ខណៈពលរដ្ឋជាង៥ ម៉ឺននាក់មានអត្តសញ្ញាណបណ្ណហួសសុពលភាព


ត្រលប់ក្រោយ

04/11/22 07:38 AM

ចំនួនទស្សនា៖

306

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យកំពុងមមាញឹកខ្លាំងសម្រុកធ្វើអត្តសញ្ញាណបណ្ណថ្មីផ្តល់ជូនដល់ប្រជាពលរដ្ឋជាង៥ម៉ឺននាក់ ដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាពដើម្បីឲ្យបានអត្តសញ្ញាណបណ្ណថ្មីប្រើប្រាស់ និងយកទៅបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ។ ទន្ទឹមនឹងការសម្រុកការផ្តល់អត្តសញ្ញាណបណ្ណនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានផ្សព្វផ្សាយ និងអំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវជនដែលមានអត្តសញ្ញណបណ្ណសញ្ជាតិខ្មែរបាត់ ឬខូចអស់សុពលភាពនិងអ្នកមានអាយុ១៥ឆ្នាំ ឡើងសូមមកបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មីដើម្បីយកទៅប្រើប្រាស់។


លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួលការងារអត្តសញ្ញាណកម្មបានឲ្យដឹងនៅថ្ងៃទី០៣ វិច្ឆិកាឆ្នាំ២០២២អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញបានធ្វើផ្សព្វផ្សាយដល់អធិការនគរបាលស្រុក-ក្រុងនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណនៅរយៈពេល៩០ថ្ងៃទៀតហួសសុពលភាពឬក៏ហួសសុពលភាព មកបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណថ្មីឲ្យបានទាន់ពេលបោះឆ្នោតខាងមុខនាឆ្នាំ២០២៣។


លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថា៖សម្រាប់ខេត្តបន្ទាយមានជ័យដែលយើងមានទិន្ន ន័យក្នុងដៃស្តីពីអត្តសញ្ញាណបណ្ណមានពលរដ្ឋជាង៥ម៉ឺននាក់ប្រើប្រាស់អត្តសញ្ញាណបណ្ណហួសសុពលភាពហើយមួយរយៈនេះយើងបានធ្វើផ្តល់ជូនពួកគាត់គិកត្រឹមខែកញ្ញាឆ្នាំ២០២២នេះ បានជិត៣ពាន់នាក់បានយកទៅប្រើប្រាស់ ។ ពេលនេះជំនាញការិយាល័យ ក៏ដូចជាក្រុង ស្រុក កំពុងសម្រុកធ្វើជូនពួកគាត់ ព្រោះយើងមានបញ្ជីឈ្មោះអស់ហើយ។ម្យ៉ាងទៀតជំនាញក៏មានគោលការណ៍ ផ្សព្វផ្សាយនឹងចុះដល់មូលដ្ឋានប្រមូលពួកគាត់នៅមូលដ្ឋានជូនពួកគាត់តែម្តង។


ចំពោះការធ្វើអត្តសញ្ញាណបណ្ណថ្មី ចំពោះអ្នកហួសសុពលភាពបើមិនមានការកែប្រែអ្វីគឺយកតែអត្តសញ្ញាចាស់នោះបានហើយ ប៉ុន្តែបើអ្នកធ្វើថ្មីតម្រូវឲ្យមានសំបុក្រកំណើត និងសៀវភៅគ្រួសារ។


ចំណែកអត្តសញ្ញណបណ្ណបាត់ ឬខូច ត្រូវទៅដាក់ពាក្យសុំបញ្ជាក់ពីការបាត់ខូចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ វាមានសារៈប្រយោជន៍ណាស់ចំពោះ ប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ធ្វើជាឯកសារផ្សេងៗពិសេសចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ខាងមុខ។



dd
Bottom Ad