04/11/22 07:54 AM
កណ្ដាល៖ ស្ត្រីជាថ្នាក់ដឹកនាំឃុំ-ភូមិក្នុងស្រុកល្វាឯម ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឱ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព។
លោកស្រី រ៉ែន កន្និកា អភិបាលរងស្រុកល្វាឯម បានលើកឡើងបែបនេះក្នុងឱកាសដែល លោកស្រី អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ស្ត្រីជាថ្នាក់ដឹកនាំឃុំ-ភូមិអំពីការងារសម្របសម្រួលក្នុងវិស័យទឹកស្អាត និងអនាម័យ នៅសាលាស្រុកល្វាឯមនាយព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រីអភិបាលរងស្រុក បន្តថា បើតាមរបាយការណ៍របស់មន្ទីរឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត នៅក្នុងឆមាសទី១នេះ ក្នុងស្រុកលាឯម ទាំង១៥ ឃុំ ស្មើនឹង ៤៣ ភូមិមានបណ្ដាញទឹកស្អាតប្រើប្រាស់ទាំងអស់ ប៉ុន្តែមានតែ ៥៣% នៃប្រជាពលរដ្ឋ នៅទូទាំងស្រុកល្វាឯមដែលបានតបបណ្ដាញទឹកស្អាត ហើយមូលហេតុជាច្រើន ពាក់ព័ន្ធទៅនឹងពួកគាត់មិនបានតបបណ្ដាញទឹកស្អាត ដោយពួកគាត់មិនទាន់មានការយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត ពួកគាត់មិនមានធនធានគ្រប់គ្រាន់ក្នុងការតបណ្ដាញទឹកស្អាត និងមួយចំនួនទៀតមានថវិកាគ្រប់គ្រាន់ហើយប៉ុន្តែពួកគាត់មិនយល់ពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត ដោយពួកគាត់បានប្រើប្រាស់ទឹកមិនស្អាតពីប្រភពផ្សេងៗដោយមិនមានការការពារបានត្រឹមត្រូវ ។
លោកស្រីអភិបាលរងស្រុក បន្ថែមថា បញ្ហាទឹកស្អាត និងអនាម័យបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយអង្គនានាៗ ដែលធ្វើការងារពាក់ព័ន្ធជាមួយទឹកស្អាត ដើម្បីសម្រេចបានគោលដៅអនុវត្តប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត និងអនាម័យ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ គឺនៅក្នុងឆ្នាំ២០២៥ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ២០៣០ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងជនបទ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព១០០%។ ដូច្នេះស្ត្រីជាថ្នាក់ដឹកនាំឃុំ-ភូមិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ ដើម្បីឲ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថក្នុងការតបបណ្ដាញទឹកស្អាតយកទៅប្រើប្រាស់ ប្រកបដោយសុវត្ថិភាព។
លោកស្រីអភិបាលរងស្រុក សង្ឃឹមថាវគ្គបណ្ដុះបណ្ដាលនេះ ស្ត្រីជាថ្នាក់ដឹកនាំឃុំ-ភូមិ បានយល់ដឹងអំពីការងារសម្របសម្រួល យល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត ចេះសហការគ្នា និងបង្កើនភាពស្និទ្ធស្នាលដោយធ្វើការងារជាក្រុមពាក់ព័ន្ធជាមួយការងារទឹកស្អាត និងអនាម័យ ហើយសង្ឃឹមថាប្រជាពលរដ្ឋ និងមានការយល់ដឹង និងផ្លាស់ប្ដូរឥរិយាបថតាមរយៈក្រុមការងារស្ត្រីប្រចាំភូមិ-ឃុំ ដោយងាកមកប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្ថិភាព។