14/11/22 15:11 PM
(ស្វាយរៀង)៖ ក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាម តាមប្រឡាយទឹកនៃច្រករបៀងគោកតែក យ៉ាងរលូនដោយពុំមានរំខានដល់សមត្ថកិច្ចជំនាញនោះឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា២០២២ នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា។
បើតាមប្រជាពលរដ្ឋរបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម) ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាម តាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើនោះឡើយ ។
ប្រជាពលរដ្ឋរស់នៅម្ដុំនោះ បានរិះគន់ចំៗទៅលើអាជ្ញាធរ និងសមត្ថកិច្ចថា គ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ ពិបាកក្នុងការធ្វើដំណើរ។ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តមេត្តា ចុះពិនិត្យនិងបង្ក្រាបក្រុមរថយន្តដឹកទំនិញគេចពន្ធទាំងនេះផង បើមិនដូច្នោះទេនាំឲ្យបាត់ចំណូលថវិកាជាតិជាក់ជាមិនខានឡើយ។
ចំពោះរឿងនេះដែរ មិនអាចរកការបំភ្លឺពីលោកនាយប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក បានទេរហូតមកដល់ពេលនេះ ដោយចុចទូរស័ព្ទទៅមិនលើកសោះ៕
ដោយ:PK