18/11/22 08:21 AM
ខេត្តកណ្ដាល៖ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំចំនួន ៦០ សំណូមពរ ត្រូវបានលើកឡើងជាសំណូមពរជូនដល់ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្តកណ្ដាល ដើម្បីជួយសម្របសម្រួល និងផ្ដល់ជូនពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ។
ការលើកឡើងនៅសំណូមពរនេះ ត្រូវបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅបរិវេណវត្តពោធិរាមា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកកោះធំ បានលើកឡើងនៅសំណូមពរក្នុងនោះរួមមាន៖ ផ្នែកសេដ្ឋកិច្ចមាន ចំនួន ៣៧ ស្នើសុំសាងសង់ និងជួសជុលផ្លូវបេតុង ផ្លូវជាតិ ផ្លូវលំ បង្គោលភ្លើង អំពូលសូឡា ទឹកស្អាត។ ផ្នែកសេដ្ឋកិច្ចមានចំនួន ១ សំណូមពរ ដោយស្នើសុំជួសជុលសាលាបឋមសិក្សា។ ផ្នែករដ្ឋបាល សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន ១៤ សំណូមពរ មានបញ្ហាល្បែងស៊ីសង គ្រឿងញៀន បទល្មើសនេសាទ និងផ្នែកដីធ្លី ធនធានធម្មជាតិ និងបរិស្ថាន ចំនួន ៨ សំណូមពរ ត្រូវបានឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយបានមួយចំនួន និងមួយចំនួនទៀតទទួលយកដើម្បីពិនិត្យ និងសម្រេច។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺបានផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព ។ ដូច្នេះហើយ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និង លើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។
ឯកឧត្ដម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត បានអាននៅរបាយការណ៍ឆ្លើយតបនៅសំណើរ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅស្រុកកោះធំ ដែលបានលើកឡើងកាលពីវេទិកាក្រុមប្រឹក្សាខេត្តក្នុងឆ្នាំ២០២១ កន្លងមកនេះ បានធ្វើការដោះស្រាយរួចរាល់ ចំនួន២០ សំណូពរ និងកំពុងដោះស្រាយបន្តចំនួន៨ សំណូមពរ។