រដ្ឋបាលខេត្តព្រះសីហនុគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិជាង ១០០នាក់ ដើម្បីទស្សនាតំបន់ឆ្នេរនៅកម្ពុជា ខណៈនៅចុងខែវិច្ឆិកានេះ ខេត្តព្រះសីហនុនៅតែមានភ្ញៀវទេសចរណ៍ច្រើន


ត្រលប់ក្រោយ

29/11/22 11:58 AM

ចំនួនទស្សនា៖

306

ប្រភព៖

ព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនិងរៀបចំធ្វើសន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក។ ដែលកម្មវិធីនេះធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ អមជាមួយពិធីបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង ១២០នាក់នៅទូទាំងពិភពលោក ហើយកម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិដែលមកចូលរួមដើម្បីទស្សនារាល់តំបន់ឆ្នេរនៅខេត្តព្រះសីហនុផងដែរ។


ការលើកឡើងនេះគឺនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។


ឯកឧត្ដម ថោង ខុន បានជំរុញក្រុមការងារបច្ចេកទេសត្រូវរៀបចំឱ្យមានទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។ ក្នុងនោះគោលដៅសំខាន់ៗដែលនឹងត្រូវធ្វើទស្សនៈកិច្ចនោះរួមមាន កោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុផងដែរ។


ឯកឧត្ដម ជុក ជំនោរ មានប្រសាសន៍ថា ប្រតិភូដែលនឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។


ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់សារសំខាន់ថា «ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញនិងទទួលភ្ញៀវទេសចរបានច្រើន»។


ស្របពេលជាមួយគ្នានេះដែរ ក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ភ្ញៀវទេសចរ ដែកបានមកកម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ថា ក្នុងនោះភ្ញៀវជាតិ ១៧៦.៤៨៣នាក់ កើនឡើង ១០,១៤% និងភ្ញៀវបរទេសសរុប ៥.០៥៦នាក់ ថយចុះ ១,៩៤%។


សូមជម្រាបថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រនឹងបង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលកន្លងមក ទាំងការគ្រប់គ្រងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផល និងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន។ ហើយក្រសួងពាក់ព័ន្ធនិងរដ្ឋបាលខេត្តព្រះសីហនុសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ និងមានភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ដើម្បីចូលរួមកម្មវិធីក៏ដូចជាទស្សនាខេត្តព្រះសីហនុឲ្យបានច្រើនកុះករបន្ថែមទៀត៕ អត្ថបទ: ប្រសិទ្ធ



dd
Bottom Ad