30/11/22 08:50 AM
ក្រចេះ៖ រសៀលថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកចិត្របុរី ចំនួន០២រូប
១.លោក ផន វុទ្ធី ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុកចិត្របុរី ។ ២.លោក អេល សារី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដេីមខ្សែពិសេស ថ្នាក់លេខ៦ ជាអភិបាលរងស្រុកចិត្របុរី ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ រាជរដ្ឋាភិបាលបានសិក្សារៀបចំច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាលដែលជាអង្គប្រតិបត្តិ ឲ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រ នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុវត្តតួនាទីជាតំណាងឲ្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជា ការងារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបន្តថាអភិបាលរងដែលចូលកាន់តំណែងថ្មី-ត្រូវរួមសហការគ្នាក្នុងការបម្រើសេវាសាធារណៈ និងអភិវឌ្ឍន៍ការងារដែលនៅសេសសល់មិនទាន់ធ្វើ និងត្រូវចុះមូលដ្ឋានឲ្យបានញឹកញាប់ដើម្បីជាផ្នែកនៃការទំនាក់ទំនងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ និងដើម្បីពិនិត្យជាក់ស្តែងនូវស្ថានភាពជីវភាពរស់នៅប្រចាំរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងចេះទំនាក់ទំនងគៀងគរដៃគូរអភិវឌ្ឍឲ្យមកចូលរួមកសាងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន និងរួមសហការជាមួយសមត្ថកិច្ចក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាជន និងចុះសម្របសម្រួលពន្យល់ណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋានឲ្យយល់ដឹងអំពីដំណើរការផែនការអភិវឌ្ឍន៍របស់អាជ្ញាធរភូមិឃុំ បញ្ជៀសបញ្ហាកើតមានជាទំនាស់-ខិតខំស្វែងរកទីទាំងដី ដើម្បីផ្តល់ជូនបងប្អូនមុខសញ្ញាខ្វះខាតដីលំនៅឋាន និងកសិកម្ម ដែលផ្តល់ជូនតាមរយៈគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងចុះស្រង់ស្ថិតិបងប្អូនរងគ្រោះ និងងាយរងគ្រោះក្រីក្រ ដើម្បីឧបត្ថម្ភកម្មវិធីផ្តល់សាច់ប្រាក់ជូន ឲ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល-បន្តជំរុញនិងលើកកម្ពស់ការគ្រប់គ្រងចាត់ចែងការអនុវត្តមុខងារនានាដែលបានប្រគល់មកឱ្យរដ្ឋបាលស្រុក ជាពិសេសមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល និងមុខងារដែលបានប្រតិភូកម្មឱ្យរដ្ឋបាលស្រុក ឱ្យបានត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធី និងស្តង់ដារ សេវាដែលបានកំណត់-ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលស្រុក ដែលទើបត្រូវបានកែម្រួលបែបបទ និងនីតិវិធីនៃការផ្តល់សេវា ស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព ។
ទន្ទឹមនេះ រដ្ឋបាលស្រុកត្រូវជួយគាំទ្រ និងជំរុញដល់រដ្ឋបាលឃុំ ក្នុងការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលសេវារដ្ឋបាលពីរដ្ឋបាលឃុំរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ៕