02/12/22 09:00 AM
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យជ្រៃ ចំនួន១ខ្នង ២ជាន់ មាន១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដែលពិធីនេះប្រព្រឹត្តឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ។
សម្ដេចក្រឡាហោមមានប្រសាសន៍ថា សមិទ្ធផលដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនានានិងសប្បុរសជនជាច្រើន ជាពិសេសគឺអាចកើតមានឡើងនេះបានដោយសារតែកម្ពុជារបស់យើងទទួលបាននូវសុខសន្តិភាពពេញលេញ។ ដែលបច្ចុប្បន្ននេះធ្វើឲ្យកម្ពុជាមានការរីកចម្រើននៅរាល់ហេដ្ឋារចនាសម្ព័ន្ធសំណង់អាគារផ្លូវថ្នល់វត្តអារាមពិសេសសាលារៀនជាដើម។
ក្នុងឱកាសនោះដែរសម្ដេចក៏បានបង្ហាញនូវចំណាប់អារម្មណ៍ដ៏ពិសេសដល់អ្នកចូលរួមនៅកម្មវិធីទាំងអស់ថា ខ្មាំងសត្រូវក្នុងសម័យសន្តិភាព ខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នា ធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ សម្ដេចក៏បានបន្តពន្យល់ទៀតថា «ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវទាំងពីរនេះ ជាដំបូងគឺយើងត្រូវប្រឆាំងនឹងខ្លួនឯងជាមុនសិន»។ សម្ដេច បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។
ដោយហេតុថានាគសម័យឌីជីថលដ៏ទំនើបនេះ «ធនធានមនុស្សគឺធនធានគន្លឹះដែលបង្កើតលទ្ធផល សមិទ្ធផល និងស្នាដៃរាប់មិនអស់»។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដោយគូសបញ្ជាក់ថាកម្ពុជាកាលពីអតីតកាលបានប្រឈមមុខភាពក្រីក្រ និងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ធ្វើឱ្យប្រទេសជាតិ និងប្រជាជន គ្មានឱកាសពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពដូចបច្ចុប្បន្ននេះឡើយ។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានខិតខំរួមចំណែកពង្រឹងការកសាងធនធានមនុស្សរបស់ជាតិ តាមរយៈការគ្រប់គ្រងការបង្រៀន និងរៀនដោយយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់កម្ពុជាមានលទ្ធភាពកាន់តែច្រើន ក្នុងការប្រកួតប្រជែងជាមួយធនធានមនុស្សនៅក្នុងតំបន់ និងអន្តរជាតិ។ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលក៏កំពុងតែខិតខំប្រឹងប្រែងលើកស្ទួយវិស័យអប់រំឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ។
សូមជម្រាបផងដែរ លោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុកថ្មគោល បញ្ជាក់ថា សមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ និងមានការចូលរួមគាំទ្របន្ថែមទៀតពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកថ្មគោល។ ហើយនេះគឺជាអំណោយដ៏ថ្លៃស្លាប់បំផុតដែលជាសារប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋពិសេសគឺសិស្សានុសិស្សនៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង៕ អត្ថបទ: ប្រសិទ្ធ