ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីប្រគល់ជូនអគារទីបញ្ជាការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

02/12/22 12:14 PM

ចំនួនទស្សនា៖

239

ប្រភព៖

សៀមរាប

សៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអគារទីបញ្ជាការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ិន មណីរដ្ឋ ប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាយនគរបាល នាយនគរបាលរង ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនរូបទៀតផងដែរ។


ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ និងពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការកសាងទីបញ្ជាការអង្គភាពនគរបាលការពារបេតិកភណ្ឌ ឱ្យបានរួចរាល់តាមការគ្រោងទុក ដើម្បីក្លាយជាទីបញ្ជាការការពារដ៏រឹងមាំសំដៅការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនដល់គណៈប្រតិភូជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក៏ដូចជាការការពារនូវសម្បត្តិវប្បធម៌ជាតិ ការទប់ស្កាត់នូវរាល់សកម្មភាពបំផ្លិចបំផ្លាញ ដូចជាករណីលួចវត្ថុបុរាណ ឬជីករុករក និងដឹកជញ្ជូនវត្ថុបុរាណខុសច្បាប់។ល។


គួរបញ្ជាក់ថា អគារទីបញ្ជាការអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារនេះ មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនេះ បានចាប់ផ្តើមសាងសង់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ដែលទទួលសាងសង់ដោយនាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃ។ ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមេ ដែលមានចម្ងាយ ៦០គីឡូម៉ែត្រ នៅទិសខាងជើងពីទីរួមខេត្តបន្ទាយមានជ័យ មានគូទឹកព័ទ្ធជុំវិញប្រវែង ៧៧០មx៦៩០ម ក្នុងនោះមានប្រាសាទរណប ចំនួន ០៩ ហើយនៅប៉ែកខាងកើតចម្ងាយ៧០០ម៉ែត្រ ពីប្រាសាទបន្ទាយឆ្មារ មានអាងបារាយណ៍មេបុណ្យ ទំហំ ១៨០០មx៨០០ម។ លើសពីនេះទៀត នៅក្នុងភូមិសាស្រ្តប្រាសាទបន្ទាយឆ្មារ មានទួលប្រាសាទចំនួន ២០កន្លែង គ្មានរូបរាង មានទួលបុរាណចំនួន ១៥កន្លែង ទួលកប់សពចំនួន ១១កន្លែង និងផ្លូវបុរាណចំនួន ០៣ខ្សែ។


តឹកតាងខាងលើនេះហើយ បានបញ្ជាក់យ៉ាងច្បាស់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ រួមសុខ រួមទុក្ខជាមួយនឹងកងកម្លាំងនគរបាលជាតិ ដែលឈរជើងគ្រប់ទីតាំង ពិសេសការគិតគូរយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសេចក្តីសុខ សុវត្ថិភាព និងសន្តិភាព រួមជាមួយនឹងការអភិវឌ្ឍគ្រប់វិស័យ។


ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិកាប្រចាំការ បានផ្តល់អនុសាសន៍ និងមតិផ្តាំផ្ញើដល់អង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ច ថែរក្សា ការពារ បង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវបទល្មើសទាំងឡាយដែលធ្វើឱ្យខូចខាត បាត់បង់ បង្កមហន្ដរាយបំផ្លិចបំផ្លាញដល់បេតិកភណ្ឌ សម្បត្ដិវប្បធម៌ជាតិ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនង សហការល្អជាមួយកងកម្លាំង ស្ថាប័ននានាដែលមានការពាក់ព័ន្ធ ក្នុងបុព្វហេតុ សម្រេចឱ្យបាននូវភាពគង់វង្សនូវសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ។ កងកម្លាំង ទាំងអស់ត្រូវថែរក្សា សុខភាព ឱ្យបានល្អ ដើម្បីបន្តនូវកាតព្វកិច្ចដ៏មានសារៈសំខាន់នេះ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ



dd
Bottom Ad