09/12/22 11:12 AM
ខេត្តបន្ទាយមានជ័យ÷ បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅខេត្តបាត់ដំបងរួចមក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅក្រុងប៉ោយប៉ែត ដែលពួកគេទាំងពីរត្រៀមបម្រុងនឹងឆ្លងដែនពីកម្ពុជាចូលប្រទេសថៃ។ ការឃាត់ខ្លួននេះដែរធ្វើឡើងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ នៅម្ដុំព្រំដែនកម្ពុជាថៃ នេះបើយោងតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលយើងទទួលបាន។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរនេះដែរគឺពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺ ដែលបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសជាច្រើនអ្នកផ្សេងទៀត។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលរត់គេចខ្លួនមកពីខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បច្ចុប្បន្នបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយសួនាំជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបង មកទទួលយកទៅចាត់ការបន្តតាមនីតវិធី។
គួររំលឹកថា កាលពីវេ លា ម៉ោង ៤:០០នាទីទៀបភ្លឺ នៅយប់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ឈានចូលថ្ងៃ ទី ០៨ ខែធ្នូ នៅចំណុចសួន ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារ FTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ ដំ បង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ០៣នាក់។ ដែលជំហ៊ានដំបូងត្រូវបានគេសន្និដ្ឋានថាជារឿងគំនុំ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ អត្ថបទ: ប្រសិទ្ធ